សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា នៅអាណត្តិទី៦នេះ រាជរដ្ឋាភិបាលនៅ តែចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​ និង​លោក​ ចន​ ណារិទ្ធ​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងអាណត្តិទី៦នេះ សម្តេចបានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ដោយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១ និងប្តេជ្ញាសំរេចឲ្យបាននូវមុំ ទី១ ស្តីពី ការពង្រឹងគុណភាព អប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ស្របពេលជាមួយគ្នាដែល ការអប់រំនៅកម្ពុជា បានធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីការ អប់រំឆ្នាំ២០៣០ ឆ្ពោះទៅធានាឲ្យការអប់រំមានគុណភាពប្រកបដោយសមធម៍ បរិយាប័ន្ន និង លើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសំរាប់ទាំងអស់គ្នា។

នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នៅថ្ងៃទី១ ខែ វិច្ឆិកា នេះ។ សម្តេចតេជោ បន្តថា បច្ចុប្បន្ន និងទៅអនាគត ធនធាមនុស្សដែលមានចំណេះ ដឹង និងជំនាញច្បាស់លាស់ ដែលមានសារៈសំខាន់ក្នុងការបង្កើនឧត្តមភាពប្រគួតប្រជែង របស់ប្រទេសជាតិ។សម្តេចតេជោ បញ្ជាក់ថា កម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការបណ្តុះ បណ្តាលធនធានមនុស្សឆ្ពោះទៅកាន់សង្គមពុទ្ធិ និងវិបុលភាព ដែលប្រជាពលរដ្ឋត្រូវមាន ចំណេះដឹង និងវប្បធម៌ជ្រៅជ្រះ ដើម្បីឆ្លើយតប នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រែ ក្លាយពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ឆ្នាំ២០៣០ ទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០។ដើម្បីសំរេច បានគោលដៅនេះ សម្តេចតេជោ បានអំពាវនាវដល់ក្រសួងអប់រំ និងស្ថាប័នពាក់ពន្ធ័ត្រូវរួមគ្នា ដើម្បីឲ្យសិស្សានុសិស្សគ្រប់រួបទទួលបានចំណេះដឹង។