សញ្ញាចេញពីប្រអប់ខ្មៅរបស់យន្តហោះធ្លាក់ក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានគេចាប់សម្លេងបាន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (០១​.១១.​១៨)​

ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សម្តីរបស់មន្ត្រីជួយសង្គ្រោះ ដែលបាននិយាយកាលពីថ្ងៃពុធនេះថា
គេអាចចាប់បានសម្លេងដែលជាសញ្ញាចេញពីប្រអប់ខ្មៅរបស់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍
ឡាយអ៊ិនអ៊ែរ ដែលបានធ្លាក់បាត់កាលពីថ្ងៃអាទិត្យនេះហើយនិងគេកំពុងតែពិនិត្យមើលដើម្បីបញ្ជាក់ថា វត្ថុមួយនៅបាតសមុទ្រគឺជាតួរបស់យន្តហោះដែលធ្លាក់បាត់នោះ ។ ​

មន្រ្តីនោះបាននិយាយទៀតថា ក្រុមអ្នកមុជទឹក កំពុងតែចូលទៅជិតវត្ថុនោះដែលមានប្រវែងប្រហែលជា ២២ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងកម្ពស់ ១០ ម៉ែត្រដែលស្ថិតនៅក្នុងបាតសមុទ្រ ក្បែរស្រុកការ៉ាវ៉ាង របស់ខេត្តហ្សាវ៉ាខាងលិច ក្នុងប្រទេសឥណ្ឌូនេស៊ី ។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាយអ៊ិនអ៊ែរ បានបាត់ពីរ៉ាដា ១៣ នាទីបន្ទាប់ពីហោះចេញពីអាកាសយាន្តដ្ឋានក្រុងហ្សាការតា កាលពីថ្ងៃអាទិត្យ ដោយមានមនុស្សចំនួន ១៨៩ នាក់នៅលើយន្តហោះ ។​