នាវាទេសចរណ៍ COSTA FORTUNA នាំភ្ញៀវទេសចរជាង ៤.០០០នាក់ ចូលចតកំពង់ផែ សមុទ្រក្រុងព្រះសីហនុg

AKP ព្រះសីហនុ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាវាទេសចណ៍បរទេសមួយគ្រឿងឈ្មោះ COSTA FORTUNA បាននាំភ្ញៀវទេស ចរបរទេសចម្រុះជាតិសាសន៍ជាង ៤.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម ។ 
    

នាវាទេសចរណ៍ COSTA FORTUNA  មានសញ្ជាតិ ITALY មានបណ្តោយប្រវែង ២៧២,១៥ម៉ែត្រ ទទឹង ៣៥,៥០ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៤.០០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ ក្នុងនោះភ្ញៀវទេសចរបរទេសសរុបចំនួន ៣.១៧៥នាក់ ស្រី ២.០០៦នាក់ មាន ២០សញ្ជាតិ និងមាននាវិកសរុបចំនួន ៩១១នាក់ ស្រី ១៩២នាក់ មាន ២៨សញ្ជាតិ ។ 
   

នាវាទេសចរណ៍ COSTA FORTUNA  បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចាកចេញពីប្រទេថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៨ និង ២០នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នាវានេះមានគម្រោងនាំភ្ញៀវទេសចរចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។ 
  

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ COSTA FORTUNA  មានច្រើនសញ្ជាតិ ក្នុងចំណោមភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេមានដូចជា ថៃចំនួន ៣.១១៩នាក់ និងមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ។ ភ្ញៀវទេសចរបរទេសចំនួន ៤នាក់ ធ្វើមានមួយសញ្ជាតិ បានបន្តដំណើរតាមនាវា ចេញតាមច្រកកំពង់ផែសមុទ្រឆ្ពោះទៅកាន់ប្រទេសវៀតណាម ។ 
 

ការធ្វើដំណើរបស់ភ្ញៀវទេសចរបរទេសតាមនាវាមកកាន់ព្រះរាជាណាចក្រកម្ពុជាមានការកើនឡើងនៅរដូវប្រាំង ក្នុងអំឡុងចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា ព្រោះការធ្វើដំណើរតាមផ្លូវទឹកមានភាពងាយស្រួល ដោយមិនជួបហានិភ័យនូវព្យុះ ភ្លៀង ដោយសាររដូវវស្សាការចូលចតរបស់នាវាទេសចរណ៍បរទេសមានការថយចុះ ដោយសារតែមានព្យុះ ភ្លៀង ៕

ដោយ ងូ សុមុនី