ឯកឧត្តម​ ស៊ុន ចាន់ថុល​ ជួ​បពិភាក្សាការងារជាមួយអនុប្រធានផ្នែកកិច្ចការពលរដ្ឋ និងបរិស្ថាន នៃខេត្ត Tokushimaf

AKP ភ្នំពេញ ថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ –ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា​ កាលពី​ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Hironori Moriguchi អនុប្រធានផ្នែកកិច្ចការពលរដ្ឋ និងបរិស្ថាន នៃខេត្ត Tokushima នៃប្រទេសជប៉ុន និងគណៈប្រតិភូ ដោយមានការចូលរួមពីលោក ហែម គិរី អគ្គនាយកសហព័ន្ធកីឡាហែលទឹកកម្ពុជាផងដែរ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមាន​ប្រសាសន៍​អំពីតម្រូវការចាំបាច់ជាច្រើនរបស់កីឡាករ កីឡាការនីហែលទឹកកម្ពុជា ទាក់ទងនឹងសម្ភារបច្ចេកទេស ការហ្វឹកហាត់ ដើម្បីពង្រឹង និងអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន ក៏​ដូចជាដើម្បីត្រៀមខ្លួនចូលរួមប្រកួតស្វែងរកមេដៃជូនជាតិឱ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខាងមុខនេះ។

ទន្ទឹមនឹងនេះ​ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីការបើកការដ្ឋានសាងសង់ និងជួសជុលថែទាំអាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានខូចខាតស្ទើរតែទាំងស្រុងដោយសារសង្គ្រាម។ ដើម្បីធ្វើឱ្យប្រសើរឡើងតាមស្តង់ដារអន្តរជាតិ គម្រោងសាងសង់កីឡដ្ឋាននៅស្រុកកោះធំ ខេត្តកណ្តាល ដែលអាចឱ្យមហាជន ក៏ដូចជាអត្តពលិកកម្ពុជាធ្វើការហ្វឹកហាត់បាន និងការចូលរួមបោះជំរំ ហ្វឹកហាត់របស់អត្តពលិកកម្ពុជានៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលនឹងប្រព្រឹត្តទៅនៅខេត្ត Tokushima ប្រទេសជប៉ុន នៅឆ្នាំ២០២០។

ជាមួយគ្នានេះដែរ​ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀត៕​

ដោយទេស ច័ន្ទសុធារី