ក្រសួងបរិស្ថានសហការជាមួយសហព័ន្ឋកីឡាយានយន្តកម្ពុជារៀបចំប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សខ្មែររ៉ាលីរ៉េដឆ្នាំ២០១៨

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ែន សុវុទ្ឋី៖

ក្រសួងបរិស្ថានបានសហការជាមួយសហព័ន្ឋកីឡាយានយន្តកម្ពុជារៀបចំឲ្យមានកម្មវិធីប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សខ្មែររ៉ាលីរ៉េដឆ្នាំ២០១៨ ក្នុងគោលបំណងបំផុសគំណិតប្រជាពលរដ្ឋឲ្យចូលរួមការពារនិងអភិរក្សនូវធនធានធម្មជាតិ។

ឯកឧត្តម នេត្រ ភត្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ការរៀបចំកម្មវិធីប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សខ្មែររ៉ាលីរ៉េដ ក្រោមប្រធានបទរួមគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា គឺមានការប្រណាំងរថយន្តនិងម៉ូតូឆ្លងកាត់តំបន់អភិរក្សបង្ហាញអំពីភាពសំបូរបែបនៃធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើងដែលមានទាំងព្រៃឈើនិងមានទាំងជីវចម្រុះគ្រប់ប្រភេទ និងដើម្បីចូលរួមអនុវត្តច្បាប់ ក៏ដូចជាការពារបរិស្ថាននិងបង្ហាញពីការរស់នៅរបស់ប្រជាសហគមន៏ផងដែរ នៅក្នុងសន្និសិទសារព័ត៍មាននៅរសៀលថ្ងៃទី៣១ខែតុលានាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម បានលើកឡើងថា ក្រសួងបរិស្ថាន ជឿជាក់ថា តាមរយៈការផ្សព្វផ្សាយពីការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ នឹងធ្វើឱ្យពលរដ្ឋបានដឹងពី សក្តានុពលទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅជុំវិញតំបន់ការពារធម្មជាតិ។

ចំណែកលោក ហូ សិទ្ធីគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងអ្នករៀបចំកម្មវិធីប្រណាំងរថយន្តរ៉ាលី រ៉េដ ២០១៨ បានថ្លែងឱ្យដឹងថានៅក្នុង ការប្រកួតរយៈពេល ៤ ថ្ងៃនេះនឹងមានការចូលរួមពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិរួមនឹងអ្នកសម្រប សម្រួលកម្មវិធីសរុបទាំងអស់ប្រមាណ ៨០នាក់ដែលមកពី ៥ ប្រទេសគឺកម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វ៉ែល ស្កត់ឡែន។

សូមបញ្ជាក់ថា កម្មវិធីប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សខ្មែររ៉ាលីរ៉េដឆ្នាំ២០១៨ មានរយះពេលបួនថ្ងៃដោយចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ខែវិច្ចកាឆ្នាំ២០១៨ ការប្រណាំងរថយន្តនិងម៉ូតូបានឆ្លងកាត់នៅតំបន់អភិរក្សចំនួនបីខេត្តមានខេត្តកំពង់ស្ពឺឆ្លងកាត់តំបន់ដែនជំម្រកសត្វព្រៃភ្នំឪរ៉ាលនិងឧទ្យានជាតិគិរីរម្យ ខេត្តកំពតឆ្លងកាត់តំបន់ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ និងខេត្តព្រះសីហនុក្រុមប្រណាំងរថយន្តនិងម៉ូតូឆ្លងកាត់តំបន់ឧទ្យាជាតិភ្នំក្រវាញភាគខាងត្បូងដែលមានចម្ងាយផ្លូវសរុបជាង ៦៣០ គឺឡូម៉ែត្រ។