រដ្ឋបាលខេត្តកណ្តាលបើកសិក្ខាសាលាស្តីពី ផែនការផ្គត់ផ្គង់ទឹកស្អាត

AKP កណ្តាល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅសាលាខេត្តកណ្តាលបាន បើកសិក្ខាសាលាស្តីពី ការរៀបចំផែនការសកម្មភាពថ្នាក់ខេត្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាត សុខភាព និង លើកកម្ពស់អនាម័យនៅជនបទ ជំហានទី២ ឆ្នាំ២០១៨ ដោយមានការចូលរួមពី ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល ។

 

ឯកឧត្តម តាំង ម៉េង លាន មានប្រសាសន៍នៅក្នុងអង្គសិក្ខាសាលាថា ជាការពិតណាស់ការងារទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ គឺជាបញ្ហាដ៏ធំមួយដែលធ្វើឱ្យរាជរដ្ឋាភិបាលខាតបង់សេដ្ឋកិច្ចជាតិប្រមាណ ៤៤៨លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ដោយសារកង្វះការអនុវត្តអនាម័យនិងទទួលទានទឹកមិនស្អាត ជាមូលហេតុចម្បងធ្វើឱ្យមនុស្សស្លាប់ដោយសារជំងឺរាកយោងតាមការសិក្សាស្រាវជ្រាវអង្កេតប្រជាសាស្រ្តិងសុខភាពឆ្នាំ២០១០ បានបង្ហាញថាកុមារអាយុក្រោម ៥ឆ្នាំស្លាប់ដោយសារជំងឺរាក មានចំនួន ១៧ភាគរយ។ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់បង្កើតនូវផែនការសកម្មភាពថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងគោលបំណងកៀរគរធនធានសម្ភារ ថវិកា ជាពិសេសគឺធ្វើយ៉ាងណាឱ្យមានផែនទីចង្អុលផ្លូវសម្រាប់ធ្វើការអនុវត្តរួមគ្នារវាងអង្គការដៃគូ និងរាជរដ្ឋាភិបាលលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបានត្រឹមត្រូវទាំងថ្នាក់ជាតិក៏ដូចជាថ្នាក់ខេត្តជាមួយគ្នានេះការងារទឹកស្អាត និង អនាម័យជនបទក៏សម្រេចបានតាមគោលដៅអភិវឌ្ឍន៍នេះផងដែរ ដែលក្នុងនោះ សមាមាត្រប្រជាជននៅជនបទមានទឹកស្អាតប្រើប្រាស់ចំនួន ៥០ភាគរយគិតត្រឹមឆ្នាំ២០១៤  ប្រៀបធៀបគោលដៅ ៥០ភាគរយត្រឹមឆ្នាំ២០១៥ រីឯសមាមាត្រប្រជាជននៅតំបន់ជនបទទទួលបានអនាម័យចំនួន ៤៦,២ ភាគរយ ឆ្នាំ២០១៤ ធៀបគោលដៅ ៤៦ភាគរយឆ្នាំ២០១៥។ស្ថានភាពជាក់ស្តែងគិតត្រឹមឆ្នាំ២០១៦ ប្រជាជននៅជនបទមានទឹកស្អាតប្រើប្រាស់ ៥៣,៩ ភាគរយ និង អនាម័យមាន ៦៧,៤ភាគរយ។

គូសបញ្ជាក់ផងដែរថា នៅក្នុងខេត្តកណ្តាលមានអង្គការចំនួន ៧ដែលកំពុងអនុវត្តន៍ការងារទឹកស្អាតនិងអនាម័យជនបទក្នុងនោះមានតែអង្គការ អាយ ឌី អ៊ី IDE ដែលបានគ្របដណ្ដប់ភូមិចំនួន ១.០១០របស់ខេត្ត

ដោយណយ នឿន (ប្រភពៈរដ្ឋបាលខេត្ត)