មន្ទីររៀបចំដែនដី នគរូបនី​យកម្ម ​សំណង់ និងសុរិយោដី ចុះប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ

AKP កំពង់ឆ្នាំង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅរសៀលថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី ​នគរូបនី​យកម្ម ​សំណង់ និងសុរិយោដី និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បាន​ចុះ​ពិនិត្យសកម្ម​ភាព និង​ពន្លឿននៃការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ​ដែល​បាន​ប្រកាស​តំបន់​វិនិច្ឆ័យ​ចុះ​បញ្ជី​ដីធ្លី​​មាន​​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ ស្រែខ្ទុម ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក លី សុភា មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធវាពិតជាមានសារៈ​សំខាន់ណាស់​ដល់ប្រជាពលរដ្ឋ ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់អាចយកទៅប្រើប្រាស់ និងធ្វើជាឯកសារផ្លូវច្បាប់ លោកបានបន្តថា ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងសូមថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលបានបង្កើតឱ្យមានការចុះបញ្ជី​ដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ

លោក លី សុភា បានឱ្យដឹងទៀតថា មកដល់ថ្ងៃទី៣ ខែតុលាឆ្នាំ២០១ ក្រុមការងារកំពុងបំពេញ​សកម្ម​ភាព​បោះ​បង្គោល​ព្រំចុះ​វាស់​វែង​ផ្នែកខាងមុខ និងមានប្រជាពលរដ្ឋមកបំពេញឯកសារ​សុំសិទ្ធិកាន់​​កាប់​ដីធ្លី​លក្ខណៈ​ជា​ប្រពន្ធ័​បាន​ចំនួន ៤០​ភាគរយ ក្នុងចំណោម.០៩៤ក្បាលដី ស្មើនឹងប្រជាពលរដ្ឋ១៣០គ្រួសារ ព្រមទាំងបាន​សំណូម​ពរដល់​បងប្អូនប្រជាពលរដ្ឋជួយសហការជាមួយមន្ត្រីជំនាញ ដើម្បីឱ្យការងារចុះកំណត់ព្រំ វាស់វែង និងបំពេញឯកសារទទួលសិទ្ធិ​កាន់​កាប់​ដីធ្លី​លក្ខណៈ​ជា​ប្រពន្ធ​នា​ពេល​​នេះ ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ឆាប់​រហ័ស ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការរបស់បងប្អូនប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះលោកប្រធានមន្ទីរ ក៏បានធ្វើការពន្យល់ដល់មេឃុំ ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋ និងការចុះបញ្ជីដីធ្លីបំពេញបន្ថែម តាមរយៈប្រធានក្រុម ភូមិ ឃុំ សង្កាត់ ក្រុង ខេត្ត ក្នុងការគ្រប់គ្រង​អត្តសញ្ញាណ​ដី ទំហំដី នៅក្នុងមូលដ្ឋាន និងជំរុញឱ្យប្រជាពលរដ្ឋដែលមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់មកចុះបញ្ជីដីធ្លី តាមអនុក្រឹត្យលេខ៤៦-៤៨ និងឧបសម្ព័ន្ធនិយាមការច្បាស់​លាស់ក្នុង​ការកំណត់​ព្រំដី សិទ្ធិអ្នកកាន់កាប់ដីធ្លី ដើម្បីកាត់បន្ថយនូវការទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់មេឃុំ សុំធ្វើការបន្ថែមម៉ោងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដើម្បីពន្លឿន ឱ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយបើកកិច្ចប្រជុំពិភាក្សាក្រុមប្រឹក្សាឃុំ កំណត់ដីចំណីផ្លូវ ដើម្បីងាយស្រួល​ក្នុង​ការចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រព័ន្ធបំពេញបន្ថែមជូនប្រជាពលរដ្ឋ និងរៀបចំផែនការមេក្នុងការ​គ្រប់គ្រង​ដី​ធ្លីនៅក្នុងឃុំ ឱ្យមានប្រសិទ្ធភាព និងតម្លាភាព ។ព្រោះប្រជាពលរដ្ឋដែលខ្វះខាតដីរស់នៅពិតប្រាកដ ហើយ​អាជ្ញាធរខេត្តក៏បានរៀបចំដីសម្បទានសង្គមកិច្ច បែងចែកជូនជាបន្តបន្ទាប់នៅក្នុងតំបន់នេះផងដែរ

លោក លី សុភា បានបញ្ជាក់បន្ថែមទៀតថា ការអនុវត្ដរបស់មន្រ្ដីជំនាញពាក់ព័ន្ធ បានយកចិត្ដទុកដាក់ ពង្រឹងយន្ដការប្រកបដោយប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ លើវិស័យដីធ្លី និងសំណង់ ពង្រឹងការងារសុរិយោដី និងភូមិសាស្ត្រ ពង្រឹងការងារលើវិស័យសម្បទាន ដីសង្គមកិច្ច និង ការចុះបញ្ជីដីរដ្ឋ ពង្រឹងការគ្រប់គ្រងវិស័យសំណង់ និង រៀបចំដែនដី៕

ដោយ  បៃ ស៊ីថុន