រដ្ឋបាលខេត្តបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តន៍បន្ត

AKP ព្រះសីហនុ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –នារសៀលថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា  និងលើកទិសដៅអនុវត្តន៍សម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពិភាក្សាពីមន្ត្រីតំណាងមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងអង្គភាពរដ្ឋបាលក្រុង ស្រុក ដោយផ្តោតជាសំខាន់ទៅលើលទ្ធផលការងារដែលគ្រប់អង្គភាពបានអនុវត្តន៍កន្លងមក ជាមួយការលើកឡើង និងសំណូមពរមួយចំនួនដល់រដ្ឋបាល ខេត្ត ជួយបំពេញ និងដោះស្រាយការងារខ្លះ ដូចជា កិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការងារបរិស្ថាន ការដោះស្រាយទំនាស់ដីធ្លី និងកិច្ចការចំពោះមុខពាក់ពន្ធនឹងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។    

ឯកឧត្តម យន្ត មីន បានកោតសរសើរដល់រដ្ឋបាលគ្រប់ថ្នាក់ និងមន្ទីរ អង្គភាពនានាដែលបានខិតខំអនុវត្តន៍ការងារកន្លងមក ព្រមទាំងបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដែលជាភារកិច្ចបន្ទាន់ និងចាំបាច់សម្រាប់អង្គភាពជំនាញ និងផ្នែកពាក់ពន្ធអនុវត្តន៍រួមមាន ជំរុញការជួសជុល ស្តារផ្លូវខូចតាមគម្រោងដែលមាន, ជំរុញដោះស្រាយការងារផ្គត់ផ្គង់ទឹកស្អាត, អគ្គិសនីជូនប្រជាពលរដ្ឋ, ដោះស្រាយ និងទប់ស្កាត់ការបំពុលបរិស្ថាន, ការងារសុខុ  មាលភាពប្រជាពលរដ្ឋ , ដោះស្រាយវិវាទដីធ្លីឱ្យត្រឹមត្រូវតាមផ្លូវច្បាប់, រួមនឹងការពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណទូទៅជូនប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគជាតិ និងវិនិយោគបរទេស និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ 

   

  ឯកឧត្តមបានមានប្រសាសន៍ថា ខេត្តព្រះសីហនុកំពមានការអភិវឌ្ឍយ៉ាងលឿនក្នុងរយ: ពេល ២ឆ្នាំចុងក្រោយនេះ ធ្វើឱ្យមានផលប៉ះពាល់បរិស្ថាន ក៏ដូចជាហេដ្ឋារចនាសម្ពន្ធនានា បញ្ហាទឹក អគ្គិសនី ក៏ជួបនូវបញ្ហាខ្វះខាត សូមឱ្យមានការយោគយល់ នៅពេលខាងមុខបញ្ហាទាំងអស់នេះកំពដោះស្រាយបានជាបណ្តើរៗ និងឈានទៅរកភាពប្រក្រតីឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ ៕

ដោយ ងូ សុមុនី