ផ្លូវលំជនបទក្នុងខេត្តបន្ទាយមានជ័យកំពុងត្រូវបានជំរុញធ្វើការជួសជុល

AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –ផ្លូវលំជនបទជាច្រើនខ្សែនៅតាមបណ្តាមូលដ្ឋានភូមិ ឃុំ សង្កាត់ក្នុងស្រុក ក្រុងនានា​នៃខេត្តបន្ទាយមានជ័យ ត្រូវបានក្រសួង មន្ទីរជំនាញអាជ្ញាធរដែនដីកំពុងបន្តធ្វើការជួស​ជុលឱ្យមានភាពល្អប្រសើរឡើងវិញបន្ទាប់ពីរងការខូចខាតដោយគ្រោះធម្មជាតិ និងដោយ​​ប្រការផ្សេងៗទៀតដើម្បីបម្រើ​ដល់ការធ្វើចរាចរទៅមករបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសចុះពិនិត្យមើលការជួសជុលផ្លូវលំជនបទ ១ខ្សែ ក្រាលថ្មមិញ ពីផ្លូវជាតិ លេខ៦ ត្រង់ឃុំឈ្នួរមានជ័យ ទៅកាន់វត្តប្រាសាទស្រះកណ្តាលខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះ នេត្រព្រះ ប្រវែងជិត១០គីឡូម៉ែត្រកាលពីថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ផ្លូវលំជនបទជាសរសៃឈាមភ្ជាប់គ្នាដ៏សំខាន់ ម្រាប់បម្រើដល់ការ ធ្វើ ដំណើរ ការដឹកជញ្ជូនកសិផល ទំនិញ រវាងទីក្រុងនិងជនបទអាជ្ញាធរខេត្តបាននឹង​កំពុប្រឹ ប្រែងជំរុញធ្វើការជួសជុលនូវបណ្តាផ្លូវដែលរងការខូចខាតនេះ ឱ្យបានប្រសើរឡើង​វិឆ្លើយ តបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនោះ

ឯកឧត្តម សួន បវរបានឱ្យដឹងទៀតថាដោយមើលឃើញពី​ការ​លំបាកលើការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងឆ្លើយតបទៅតម្រូវការចង់បានជាបន្ទាន់​នោះ ទើបឯកឧត្តមឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បាន ជំរុញឱ្យក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក ដោយមានការចូលរួមពីក្រុមហ៊ុនធ្វើផ្លូវរបស់ឯកជន ចុះធ្វើការជួសជុលផ្លូវលំ១ខ្សែមានប្រវែងជិត១០គីឡូម៉ែត្រនេះដែលទទួលរងការ​ខូចខាត​កន្លងមកឱ្យល្អឡើងវិញជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថាជានិច្ចកាលរាជរដ្ឋាភិបាល​កម្ពុជា​ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​នាយរដ្ឋមន្ត្រី​តែង​ផ្ដោត​សំខាន់បន្តការយកចិត្តទុកដាក់​លើការអភិវឌ្ឍ​វិស័យ​ផ្លូវថ្នល់​ក្នុង​នោះ​មិន​ថា ​ផ្លូវជាតិ​និង​ផ្លូវលំ​គ្រប់​ទីកន្លែង​នោះ​ទេ​ ត្រូវ​បាន​ស្ថាបនា​ពី​គ្មាន​ផ្លូវ​ទៅជាមាន​ផ្លូវ​ ផ្លូវក្រាល​ក្រួស​ក្រហម​ ​ប្រែក្លាយ​​​ទៅ​ជា​ផ្លូវ​បេតុង ​ឬ​កៅ​ស៊ូ ​ផ្សាភ្ជាប់​ពីទី​ជនបទដាច់ស្រយាល​មក​ទី​​​ប្រជុំ ជនខេត្ត ស្រុក ក្រុង ដែល​ឆ្លើយតបទៅនឹង​​អនុសាសន៍សម្តេចតេជាថា ​​មាន​ផ្លូវ​​មាន​ក្តី​សង្ឃឹម​។​

ក្នុងឱកាសនោះឯកឧត្តម សួន បវរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានលទ្ធ ភាពមានធនធានមេត្តាចូលរួមជាមួយអាជ្ញាធរក្នុងការជួសជុលផ្លូវណាដែលរងការខូចខាតខ្លាំងឱ្យបានល្អ​ប្រសើឡើង​វិញ​ទោះបីការស្ថាបនានោះជាផ្លូវក្រាលក្រួសក្រហមផ្លូវបេតុងឬកៅស៊ូ ក្តី។ឯកឧត្តមបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវដែលធ្វើការជួសជុល នេះ មេត្តាចូលរួមទាំងអស់គ្នា ជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមជំនាញកំពុងធ្វើផ្លូវនេះ បានលឿនហើយត្រូវចូលរួមជួយថែទាំផ្លូវដែលបានជួសជុលហើយនេះឱ្យប្រើប្រាស់បានយូរ​អង្វែងផង

ជាមួយនេះដែរឯកឧត្តមក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួម​អនុវត្តន៍គោរពច្បាប់ចរាចរណ៍ផ្លូវគោគឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសវាងការគ្រោះថ្នាក់ដល់អាយុ​ជីវិត៕

ដោយឈុន សារ៉ាត ​