អន្តរក្រសួងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ –គណៈកម្មការអន្តរក្រសួងបានបើកកិច្ចប្រជុំលើកទី១របស់ខ្លួន ដើម្បីសិក្សារៀបចំផែន ការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដើម្បីបង្កើតផលិតផល ទេសចរណ៍ថ្មីៗ និងពន្យារពេលស្នាក់នៅរបស់ទេសចរអន្តរជាតិនៅកម្ពុជា

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ជាប្រធានគណៈកម្មការ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ជាអនុប្រធានគណៈកម្មការ និងឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ជាអនុប្រធានគណៈកម្មការ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាជាសមាជិកនៃគណៈកម្មការ កាលពីថ្ងៃអង្គារ ៦រោចខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព .ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប

ឯកឧត្តម ថោង ខុន បានជម្រាបជូនអង្គប្រជុំអំពីការវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យ ទេសចរណ៍ជារួម និងដោយឡែកក្នុងខេត្តសៀមរាប ព្រមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងទេសចរណ៍ ក្នុងការធានាការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព រួមមាន ការពង្រឹងគុណភាពឧស្សហកម្មទេសចរណ៍ តាមរយៈការអនុវត្តនូវយុទ្ធនាការ «សេវាមួយ ស្តង់ដាមួយ» ការជំរុញចលនាប្រលងប្រណាំងផ្អែកលើស្តង់ដាអាស៊ាន និងស្តង់ដាកម្ពុជា ការគ្រប់គ្រងតាមប្រព័ន្ធ Online ការពង្រឹងធនធានមនុស្សក្នុង វិស័យទេសចណ៍តាម រយៈយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» និងការផ្សព្វផ្សាយ ទេសចរណ៍តាមប្រព័ន្ធ Digital ជាដើម។

លោកជំទាវ ភឿង សកុណា បានលើកឡើងពីភាពចាំបាច់នៃការធ្វើ Zoning រវាងតំបន់បេតិកភណ្ឌ និងកន្លែងកម្សាន្ត ធ្វើយ៉ាងណាកុំឱ្យតំបន់បេតិកភណ្ឌក្លាយជា ជនរងគ្រោះនៃសន្ទស្សន៍ការអភិវឌ្ឍ ជាពិសេសលោកជំទាវគាំទ្រឱ្យមានការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ប្រកបដោយនិរន្តរភាព។

ឯកឧត្តម ឃឹម ប៊ុនសុង ក៏បានជម្រាបពីការអភិវឌ្ឍនៅខេត្តសៀមរាប ក្នុងនោះរួមមាន ការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ ការរៀបចំប្លង់គោល និងប្លង់ប្រើប្រាស់ ដីក្រុងសៀមរាប ការពង្រឹងគុណភាពចំណីអាហារនិងអនាម័យ និងការជំរុញការទាក់ ទាញវិនិយោគឯកជន ជាពិសេសការវិនិយោគលើផលិតផលទេសចរណ៍ថ្មីៗ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើត គណៈកម្មការអន្តរក្រសួងនេះឡើង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប និង ដើម្បីសិក្សារៀបចំបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗក្នុងខេត្ត សំដៅពន្យារពេល នៃការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិ និងប្រកបដោយនិរន្តរភាព។

កិច្ចប្រជុំបានពិភាក្សា និងឯកភាពទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន       ទី១. ការរៀបចំផែនការមេ អភិវឌ្ឍក្រុងសៀមរាប ជាទីក្រុងទេសចរណ៍បេតិកភណ្ឌ ជាទីក្រុង ដែលគិតគូរពីបរិស្ថាន ដោយត្រូវធ្វើសមាហរណកម្មទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងស្ថាបត្យកម្ម ដើម្បីទ្រទ្រង់នឹងកំណើន ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប ទាំងភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេសស្រប តាមទស្សនទាន «អភិរក្សដើម្បីអភិវឌ្ឍ រីឯការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស»។       ទី២.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ត្រូវធ្វើការសិក្សារៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គិសនីឱ្យបានគ្រប់គ្រាន់ និងត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹងនិងរាវឱ្យ បានត្រឹមត្រូវតាមស្តង់ដាបរិស្ថាន។ ព្រមជាមួយនេះ ត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ និងមានរបៀបរៀបរយ ដាក់ភ្លើងសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ រៀបចំដាក់ភ្លើងបំភ្លឺទីក្រុងសៀមរាប រៀបចំសោភណភាពតាមស្ទឹងសៀមរាប ពង្រីកផ្លូវក្នុងក្រុង ជាពិសេសផ្លូវសម្រាប់ថ្មើរជើង និងផ្លូវសម្រាប់ជិះកង់។ ទី៣.ការអភិវឌ្ឍតំបន់ទេសចរណ៍ជុំវិញក្រុងសៀមរាប និងគាំទ្រយុទ្ធនាការ សៀមរាប ក្រៅពីប្រាសាទ ជាពិសេសតំបន់ព្រែកទាល់ ចុងឃ្នាស បឹងទន្លេសាប ភ្នំគូលែន និងតំបន់សហគមន៍ទេសចរណ៍ តំបន់កសិទេសចរណ៍ ទេសចរណ៍ជនបទ ផលិតផលទេសចរណ៍កែច្នៃផ្សេងៗ និងព្រឹត្តិការណ៍ទេសចរណ៍កីឡា      និងទី៤.ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ដោយត្រូវពង្រឹងគុណភាពសាលាបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលផ្ទៃក្នុង និងជំរុញការអនុវត្តស្តង់ដាអាស៊ាន ក្នុងវិស័យទេសចរណ៍៕

ដោយ ហង្ស សៀក