កីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាស២គ្រឿងកីឡាជឺជិតស៊ូពិភពលោក នៅសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ –កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ដែលជាម្ចាស់មេដាយមាស កីឡាអាស៊ី Asian Games លើក ទី១៨ នៅប្រទេសឥណ្ឌូណេស៊ីនោះ បានបង្កើតកំណត់ត្រាថ្មីដ៏អស្ចារ្យមួយទៀតជូនកម្ពុជា ដែលកីឡាការិនីកូនកាត់ខ្មែរ-អាម៉េរិករូបនេះបានឈ្នះមេដាយមាស២គ្រឿង នៅក្នុងការប្រកួត កីឡាជឺជិតស៊ូ កម្រិតពិភពលោក JiuJitsu International World Championships នៅរដ្ឋ ាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។

យោងតាមមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថាកីឡាការិនី ខាន់ ចេសា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកលើវិញ្ញាសាប្រយុទ្ធទម្ងន់៤៩ គីឡូក្រាម ដោយមានកីឡាការិនីខ្លាំងៗមកពីជុំវិញពិភពលោកបានចូលរួម។ ចេសាធ្វើបាន យ៉ាងល្អដោយយកឈ្នះលើគូប្រជែងជាបន្ដបន្ទាប់រហូតដណ្ដើមបានមេដាយមាស២គ្រឿង តែ ម្ដង ។

សូមបញ្ជាក់ថា កីឡាការិនីវ័យ១៧ឆ្នាំ ខាន់ ចេសា គឺជាកីឡាការិនីជឺជិតស៊ូ ដែលបាន បង្ហាញនូវកិត្តិយស ដ៏ធំធេងសម្រាប់ជាតិកម្ពុជា ចាប់តាំងពីព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០១៨ បន្ទាប់ពីកីឡាការិនីរូបនេះលេងតំណាងឱ្យកម្ពុជា។ ចេសា ក៏ធ្លាប់បានបង្ហើបពីមហិច្ឆតារបស់ ខ្លួនថា នឹងព្យាយាមអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែខ្លាំង ដើម្បីដណ្ដើមមេដាយមាសជូនកម្ពុជា ខណៈគោលដៅដ៏ចម្បងរបស់ខ្លួនគឺចង់ដណ្ដើមមេដាយកីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេស ជប៉ុន៕

ដោយ ហេង ណាលីន