ក្រសួងឧត្តុនិយមប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុត្រជាក់ខាងមុខនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ី កនិកា​ និង​ លោក​ ចន​ ណារិទ្ធ​៖

ក្រសួងធនធានទឹក និងឧត្តុនិយម បានណែនាំដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុត្រជាក់ ដែលនឹងអាចចូលមកប្រទេសកម្ពុជានាពេលខាងមុខនេះ។

យោងតាមការព្យាករណ៍របស់ក្រសួងជំនាញមួយនេះ បានឱ្យដឹងថា កម្ពុជានឹងទទួលរងឥទ្ធិពលពីសមុទ្រចិនខាងត្បូង ដែលនាំមកនូវខ្យល់ត្រជាក់ក្នុងអំឡុងពីថ្ងៃទី១ ដល់៧វិច្ឆិកាខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣១ ខែតុលានេះ បានបញ្ជាក់ថា ខ្យល់មូសុងឦសាន្ត នឹងធ្វើឱ្យអាកាសធាតុនៅក្នុងប្រទេសកម្ពុជាចុះត្រជាក់ទៅតាមតំបន់ផ្សេងៗគ្នា ដោយក្នុងនោះ នៅតាមបណ្តាខេត្តក្នុងតំបន់ខ្ពង់រាបដូចជា៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី នឹងមានសីតុណ្ហភាពអប្បរមាពី១៩ ទៅ២១អង្សាសេ និងអតិបរមាពី២៩ ទៅ៣១អង្សាសេ។

ដោយឡែក ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងមានសីតុណ្ហភាពអប្បរមាពី២៣ ទៅ២៥អង្សាសេ និងអតិបរមា ពី៣០ ទៅ៣២អង្សាសេ។

ក្រសួងធនធានទឹក និងឧត្តុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ត្រៀមលក្ខណៈ ពិសេសកុមារ និងមនុស្សចាស់ឱ្យមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលនឹងត្រជាក់នា ខាងមុខនេះ៕