សម្តេចតេជោ ប្រតិកម្មចំពោះអ្នកវិភាគខ្លះដែលថា សម្តេចចេញទៅចូលរួមកិច្ចប្រជុំ នានានៅក្រៅប្រទេស មិនទទួលបានផ្លែផ្កាអ្វីសោះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជោគជ័យខ្លះត្រូវការពេលវេលា មិនមែនដូចដែលការទៅស្ទូចត្រី ហើយបានត្រីមកវិញភ្លាមៗនោះទេ។ជាក់ស្តែងដូចលោកឯង ជាបណ្ឌិតវិភាគឡប់ៗ តើត្រូវការពេលវេលារៀន ប៉ុន្មានឆ្នាំទៅបានក្លាយទៅជាបណ្ឌិត ប៉ុន្តែសម្តេចបញ្ជាក់ថា ការអញ្ជើញទៅចូលរួមកិច្ចប្រជុំ អន្តរជាតិធំៗរបស់សម្តេចនាពេលកន្លងមកនេះ គឺសម្តេច បានទទួលការផ្តល់អាហារូបករណ៍ ដល់និស្សតរបស់យើងទៅបន្តការសិក្សានៅក្រៅប្រទេស និងទៅរកបាននូវកិច្ចសហប្រតិបត្តិ ការអន្តរជាតិ ទាំងនយោបាយ សេដ្ឋកិច្ច រហូតដល់វិស័យការពារជាតិនិងសន្តិសុខ។ប្រតិកម្ម របស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៣១ ខែតុលានេះ ខណៈដែលអ្នកវិភាគខ្លះ បានលើកឡើងថា សម្តេច បានថ្លែងនូវការជោគជ័យក្នុងបេសកកម្មនៅក្រៅប្រទេស ប៉ុន្តែគ្មានឃើញមានអ្វីជាផ្លែផ្កា។ សម្តេចតេជោ បានចោទសួរទៅវិញថា តើការប្រជុំ អាស៊ី-អឺរ៉ុប ធ្លាប់កើតមានឡើងនៅកម្ពុជាឬទេ នៅក្នុងប្រវត្តិរបស់កម្ពុជា ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ នៅឆ្នាំ២០២០ខាងមុខនេះ? តើនេះមិនមែនជាជោគជ័យការទូតរបស់កម្ពុជាទេឬ?