កម្ពុជានឹងបង្ហាញបញ្ហាមីន និងគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យពិភពលោកជួយដោះស្រាយ

វិទ្យុជាតិកម្ពុជា៖ដោយលោកចេម ហួត

ភ្នំពេញ៖អាជ្ញាធរមីនកម្ពុជាគ្រោងនឹងលើកយកបញ្ហាប្រឈម និងវិនាសកម្មដែលបង្កឡើងដោយសារមីន និងនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រាប់ដល់ពិភពលោកឲ្យជួយដោះស្រាយ និងលុបបំបាត់ឲ្យបាននៅត្រឹមឆ្នាំ២០២៥។

ក្នុងឱកាសអញ្ជើញសួសុខទុក្ខជនរងគ្រោះដោយសារគ្រប់មីនដែលសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈកាលពីថ្ងៃទី៣០ខែតុលានេះ ឯកឧត្តម លីធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងអនុប្រធានទី១អាជ្ញាធរមីនកម្ពុជាមានប្រសាសន៍ថា ដោយមានការអនុញ្ញតិពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នឹងដឹកនាំគណៈប្រតិភូអាជ្ញាធរមីនកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលវិស័យសកម្មភាពមីននៅប្រទេសស្វីសនាពេលខាងមុខនេះ។

ឯកឧត្តម បញ្ជាក់ថា អ្វីដែលកម្ពុជានឹងបង្ហាញទៅកាន់ប្រទេស និងអង្គការអន្តរជាតិនៅពេលនោះ គឺការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់គ្រប់មីន និងគ្រប់យុទ្ធមិនទាន់ផ្ទុះ និងបញ្ហាប្រឈមនានាដើម្បីចូលរួមដោះស្រាយទាំងអស់គ្នា ខណៈគ្រប់មីន និងគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានបង្កឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋ បន្សល់ទុកជនពិការ ស្ត្រីមេមាយ និងកុមារកំព្រារជាដើម។

ឯកឧត្តមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នពីបញ្ហាគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដោយមិនត្រូវចូល ឬឆ្លងកាត់កន្លែងណាដែលមានមានដាក់សញ្ញាក្បាលខ្មោចហាមឃាត់បញ្ជាក់ថាមានមីនឲ្យសោះ។

សូមបញ្ជាក់ថា កាលពីទស្សវត្សរ៍៩០ប្រជាជនកម្ពុជារងគ្រោះដោយសារមីន និងគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាង៤ពាន់នាក់ក្នុងមួយឆ្នាំៗ ហើយបច្ចុប្បន្នបានថយចុះមកត្រឹមតែប្រមាណ៥០នាក់ប៉ុណ្ណោះ៕