ក្រសួងសាធារណការភ្ជាប់កិច្ចសហប្រតិបត្កការជាមួយក្រុមហ៊ុនSCG ដើម្បីពង្រឹងជំនាញបើកបរយានយន្តធុនធ្ងន់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ឹម ភិរក្សនារីរតនៈ ៖

ក្រសួងសាធារណការ និងដឹកជញ្ជូន ភ្ជាប់កិច្ចសហប្រតិបត្តការជាមួយក្រុមហ៊ុន SCG ដើម្បីពង្រឹងជំនាញបើកបរយានយន្តធុនធ្ងន់ ខណៈដែលកន្លងមក​ អ្នកដែលចង់រៀន​បើកបររថយន្តធុនធ្ងន់មានការលំបាកក្នុងការស្វែងរកសាលា ។

ថ្លែងក្នុងពិធីបើកសម្ពោធដាក់ដំណើរការ មជ្ឍមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា នៅប្រទេសកម្ពុជាសព្វថ្ងៃនេះអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនតូចមិនបានចូលរៀនសាលាបង្រៀនបើកបរឲ្យត្រឹមត្រូវនោះទេ ដែលធ្វើឲ្យមានបញ្ហាប្រឈមជាច្រើនដល់សុវត្ថិភាពនៅតាមដងផ្លូវ។

ឯឧ.បញ្ជាក់ថា ការបើកបររថយន្តធុនធ្ងន់ ជាសំខាន់ អ្នកកាន់ចង្កូតយានយន្តត្រូវតែចូលសាលារៀនបើកបរឲ្យបានច្បាស់លាស់ ។

ឯឧ.បញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយវិស័យឯកជន បើកមជ្ឍមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់នេះឡើងគឺដើម្បីរួមចំណែកជួយពង្រឹងសមត្ថភាពព្រមទាំងគុណភាពដល់អ្នកបើកបររថយន្តធុនធ្ងន់ នឹងកាត់បន្ថយបញ្ហាគ្រោះថ្នាក់នានានៅតាមដងផ្លូវ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នេះ ស្ថិតក្នុងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ហើយមជ្ឍមណ្ឌលនេះមាន គ្រូបង្គោល គណៈកម្មការប្រលងយានយន្តធុនធ្ងន់ ព្រមទាំងបង្រៀនឲ្យអនុវត្តដៃចង្កូត និងទ្រឹស្តីច្បាស់លាស់ផងដែរ៕