ក្រសួងធនធានទឹកថាឆ្នាំនេះទឹក មិនគ្រប់គ្រាន់សម្រាប់ធ្វើស្រូវប្រាំងនោះទេ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

មន្ត្រីក្រសួងធនធានទឹកបានអះអាងថារដូវប្រាំងឆ្នាំនេះ នឹងមានសភាពក្តៅហួតហែងខុសពីឆ្នាំមុន ដែលជាហេតុអាចប្រឈមនឹងការខ្វះទឹកដែលនាំអោយ កសិករ មិនអាចធ្វើស្រែប្រាំងនៅលើផ្ទៃដីទៅតាមទំហំដែលខ្លួនចង់បាននោះទេ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧត្តុនិយមមានប្រសាសន៍អោយដឹងថាអាជ្ញាធរទាំង២៥ខេត្ត-ក្រុងនៅទូទាំងប្រទេសបានស្វែងរកដំណោះស្រាយដើម្បីកំណត់

តំបន់និងទំហំផ្ទៃដីដែលអាចនឹងធ្វើស្រែប្រាំងបាន ដើម្បីជៀសវាងពីហានីភ័យ នៃការខ្វះទឹកស្រោចស្រព។

លោកបញ្ជាក់ទៀតថា ការដែលក្រសួងធនធានទឺកកំណត់តំបន់និងផ្ទៃដីឱ្យធ្វើស្រែប្រាំង នៅឆ្នាំនេះ ដោយសារតែអាកាសធាតុក្តៅខ្លាំង និងភ្លៀងកក់ខែក៏មានចំនួនតិចផងដែរ។ ចាប់ពីដើមខែវិច្ឆិកាទៅមន្ត្រីជំនាញផ្នែកធនធានទឹកទាំងនៅថ្នាក់ខេត្តនិងពីក្រសួងនឹងចុះទៅតាមមូលដ្ឋាន គ្រប់ទីកន្លែង ដើម្បីពិនិត្យប្រភពទឹកឱ្យច្បាស់លាស់ ដើម្បីត្រៀមខ្លួនជួយសង្គ្រោះស្រូវធ្ងន់ ក្នុងរដូវវស្សា ដែលមិនទាន់ចេញផ្លែផ្កានៅឡើយ ដែលវាអាចនឹងប៉ះពាល់ នៅពេលរដូវប្រាំងចូលមកដល់ ក្នុងពេលខាងមុខនេះ៕