វិស័យភាពយន្តនៅកម្ពុជារីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

វិស័យភាពយន្តនៅកម្ពុជាមានការរីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ និងរំពឹងថា អាចឈានទៅប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិទៀតផង។

ភាព រីកចម្រើននេះ ស្តែងចេញពីសមិទ្ធិករដែលចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០១៨ ខណៈរាជរដ្ឋាភិបាលតែងតែបំផុសស្មារតីដល់យុវជនឱ្យផលិតភាពយន្តដែលរួមចំណែកដល់ការថែរក្សាកេរដំណែលវប្បធម៌ ការពង្រឹងអត្តសញ្ញាណជាតិ និងអាចទៅចូលរួមប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។

លោក គាំ វុត្ថា ប្រធានមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០១៨ បានឱ្យដឹងថា ឆ្នាំនេះ សន្ទុះបច្ចេកទេសនៃការដឹកនាំសម្ដែង និងការថត មានភាពរីកចម្រើនខ្លាំងជាងឆ្នាំមុនៗ ដោយផលិតករទាំងក្មេង និងចាស់ៗ បានបង្ហាញបទពិសោធន៍ និងគុណភាពនៃការថតយ៉ាងច្បាស់ល្អ។ លោកបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ ផលិតករវ័យក្មេងរបស់កម្ពុជាតែងតែទទួលបាននូវគំនិតថ្មីៗ និងត្រូវបានលើកទឹកចិត្តឱ្យបង្កើតគំនិតច្នៃប្រឌិតថ្មីប្រកបដោយទេពកោសល្យ ដើម្បីឱ្យវិស័យភាពយន្តកម្ពុជាឈានទៅរកការប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។

ថ្លែងក្នុងពិធីបិទមមហោស្រពភាពយន្តខ្លីចតុមុខ លើកទី៧ ឆ្នាំ២០១៨ ក្នុងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី៣០ ខែតុលា ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញការងារបណ្តុះបណ្តាលធនធានមនុស្សលើវិស័យភាពយន្ត ជាអាទិភាពក្នុងការពង្រឹងសមត្ថភាពឱ្យក្លាយជាអ្នកបច្ចេកទេសភាពយន្តក្នុងស្រុកឱ្យមានកម្រិតឈានឡើង ដើម្បីបំពេញសេចក្តីត្រូវការរបស់ទស្សនិកជនក្នុងស្រុក និងឈានទៅរកការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា មហោស្រពភាពយន្តខ្លីចតុមុខ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យផលិតករវ័យក្មេងគ្រប់រូប បានបញ្ចេញស្នាដៃ និងទេពកោសល្យ ដែលខ្លួនមានបង្ហាញទៅកាន់មហាជនក្នុងឆ្នាំ២០១៨នេះ មានសមិទ្ធករទាំងក្នុងស្រុក និងក្រៅប្រទេស ដាក់ភាពយន្តចំនួន៣០១ចំណងជើង ហើយក្នុងចំណោមនេះ មានភាពយន្តខ្លីចំនួន៧៧ចំណងជើង ត្រូវបានសម្រិតសម្រាំងទាំងគុណភាព អត្ថន័យ និងអត្ថរស សម្រាប់ធ្វើការប្រកួត និងចាក់បញ្ចាំងនៅតាមរោងភាពយន្តនានា ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យទស្សនិកជនចូលរួមបោះឆ្នោតផ្ដល់ពិន្ទុ សម្រាប់រឿងនីមួយៗ។

បើតាមគណៈកម្មការផ្នែកដាក់ពិន្ទុទៅលើអត្ថន័យ ខ្លឹមសារ សាច់រឿង រូបភាព និងការដឹកនាំសម្ដែងរបស់បេក្ខភាពភាពយន្តខ្លីនីមួយៗ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០១៨នេះ ភាពយន្តខ្លីទាំងក្នុងស្រុក និងបរទេសចំនួន២៥រឿង ត្រូវបានជាប់នៅក្នុងការដាក់បញ្ចាំងលើអេក្រង់ធំ ចាប់ពីថ្ងៃ២៧ ដល់ថ្ងៃទី៣០ ខែតុលា៕