ប្រជាពលរដ្ឋខណ្ឌមានជ័យ សុំឲ្យអាជ្ញារធររាជធានី ជួយដោះស្រាយបញ្ហាសំរាម សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ួង​ វុធ​ និងលោក​ ចន​ ណារិទ្ធ​៖

ប្រជាពលរដ្ឋរស់នៅខណ្ឌមានជ័យ សំណូមពរអាជ្ញារធររាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាសំខាន់៣គឺបញ្ហាបរិស្ថាន សន្តិសុខសណ្តាប់សាធារណៈនិងការអភិវឌ្ឍមូលដ្ឋានជូនពួកគាត់ខណៈ បញ្ហាទាំងបីខាងលើនេះ ជាទុក្ខកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរមូលដ្ឋាន មិនទាន់ អនុវត្តបានល្អ ឆ្លើយតមតាមតម្រូវការជូនបងប្អូននៅឡើយ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី២ជាមួយប្រជាពលរដ្ឋជិត៥០០នាក់ នៅខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី ៣១ តុលា លោក លឹម ហុង តំណាងប្រជាពលរដ្ឋរស់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យនិងអ្នកស្រី ជី ស្រីមុំ តំណាងប្រជាពលរដ្ឋ រស់នៅសង្កាត់ចាក់អង្រែលើ ក៏ដូចបងប្អូនរស់នៅសង្កាត់ផ្សេងគ្នាទៀត បានលើកឡើងថា សព្វថ្ងៃ បញ្ហាសំរាមទុកដាក់នៅតាមផ្ទះ ស៊ីនទ្រីចុះប្រមូលមិនទាន់ បង្កឲ្យមានភាពរញ៉េរញ៉ៃ ធ្វើឲ្យសំរាមរាយប៉ាយបង្កខ្លិនស្អុយប៉ះពាល់សុខភាពពលរដ្ឋ ។

បញ្ហាសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវ មានការតាំងលក់ និងចតគ្មានសណ្តាប់ធ្នាប់ពេសពេញផ្លូវ ពិសេស ក្រុមអាជីវករលក់ដូរមិនស្តាប់អាជ្ញាធរ និងការណែនាំរបស់រដ្ឋបាលសាលារាជធានី បង្កឲ្យមានការកកស្ទះ រកកន្លែងដើរមិនបាន។

ចំណែក ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាននៅពេលភ្លៀងមានការលិចលុង ផ្លូវខូច តូចចង្អៀត ស្ទះលូ និង កន្លែងមួយចំនួនពុំមានការដាក់បង្គោល ភ្លើងបំភ្លឺផ្លូវនៅពេលយប់ ជាហេតុធ្វើឲ្យបងប្អូនមានការបារម្ភ អំពីសន្តិសុខសុវត្ថិភាពនៅពេលធ្វើដំណើរ ។ ដូច្នេះ បញ្ហានេះ ពួកគាត់សុំឲ្យអាជ្ញាធររាជធានីជួយដោះស្រាយជូន។

លោក នួន ផារត័្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា វេទិការសាធារណៈ គឺជាការ ចង់ដឹងមតិយោបល់ដឹងរបស់ប្រជាពលរដ្ឋ រាល់បញ្ហាដែលទាក់ទងទៅនឹងទុក្ខកង្វល់ផ្ទាល់ អំពីសំណូមពរចាំបាច់របស់បងប្អូនចង់បាន។

ដូច្នេះ ពាក់ព័ន្ធទៅនិងបញ្ហាសំខាន់ៗ ដូចជា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏មូលដ្ឋាននេះ លោកអភិបាលខណ្ឌ ក៏ដូចផ្នែកពាក់ព័ន្ធ គួរតែរកវិធីដោះស្រាយជូនបងប្អូន ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានត្រូវធ្វើជូន ហើយអ្វីហួសពីសមត្ថភាព ត្រូវរាយការណ៏ជូនថ្នាក់លើ ព្រោះការចូលរួមមតិយោបល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ពិតជានាំមកនូវអត្ថប្រយោជន៏ យ៉ាងធំធេងនិងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ពិសេសគណៈចុះពង្រឹងមូលដ្ឋានធ្វើការកែលម្អឡើងវិញនិងអភិវឌ្ឍន៍ក្នុងមូលដ្ឋានជូនបងប្អូនឲ្យបានល្អប្រសើរ ក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈជាថ្នាក់ដឹកនាំ។

សូមបញ្ជាក់ថា៖ ខណ្ឌមានជ័យមាន៧ សង្កាត់ គឺសង្កាត់ បឹងទំពន់ទី១ ទី២ សង្កាត់ស្ទឹងមានជ័យ ទី១ ទី២ ទី៣ សង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម៕