ពួកសកម្មប្រយុទ្ធតាលីបង់៣១នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅអាហ្វហ្កានីស្ថានខាងកើត

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ — លោក អារ៉ាហ្វនូរី អ្នកនាំពាក្យរបស់អភិបាលខេត្តបាននិយាយពីថ្ងៃអង្គារនេះថា ពួកសកម្មប្រយុទ្ធ ៣១នាក់ ដែលស្មោះត្រង់នឹងពួកតាលីបង់បានស្លាប់ បន្ទាប់ពីមានការធ្វើប្រតិបត្តិការមួយរបស់កងកម្លាំង អាហ្វហ្កានីស្ថាន និងក្រុមចម្រុះនៅក្នុងខេត្តហ្គាស្នី ប្រទេសអាហ្វហ្កានីស្ថានភាគខាងកើតក្នុងពេល២៤ ម៉ោង កន្លងទៅនេះ ។

តាមមន្ត្រីនោះឱ្យដឹងថា ពួកឧទ្ទាម ៤នាក់បានស្លាប់នៅក្នុងភូមិរ៉ាក់ នៃស្រុកការ៉ាបាក ដោយឡែកការវាយប្រហារតាមអាកាសរួមគ្នារបស់អាហ្វហ្កានីស្ថាន និងណាតូ បានសម្លាប់ពួកឧទ្ទាម២៧នាក់ទៀត ព្រមទាំងបានកម្ទេចរថយន្តជាច្រើនគ្រឿងរបស់ពួកឧទ្ទាមតាលីបង់នៅក្នុងភូមិមូសាគី, មូជី និង មូលឡាឃីល នៃស្រុកមូគួរ ក្នុងខេត្តហ្គាស្នី ចាប់តាំងពីថ្ងៃចន្ទមក ។

ប្រភពនោះបាននិយាយថា ទាំងកងទ័ពរដ្ឋាភិបាល ទាំងពួកជនស៊ីវិលមិនបានរងរបួសក្នុងអំឡុង ជម្លោះនោះទេ ។ ពួកសកម្មប្រយុទ្ធតាលីបង់ ដែលវាយប្រហារកងកម្លាំងរដ្ឋាភិបាលនៅក្នុងខេត្តដែលមានភាពវឹកវរនេះ មិនបានធ្វើអត្ថាធិប្បាយលើសេចក្តីរាយការណ៍នេះទេ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)