រុស្ស៊ី និងតួកគី​អនុវត្តកិច្ចព្រមព្រៀងទីក្រុង អេដលីប ដោយភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងនានានៅទីក្រុងសូជី(Sochi)

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីការបរទេសតួកគីលោក Mevlut Cavusoglu បានប្រាប់ពួកអ្នកយក​ព័ត៌មានកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងរុស្ស៊ី-តួកគី ស្តីអំពីទីក្រុងអេដលីប (Idlib)របស់​ប្រទេស​ស៊ីរី គឺកំពុងត្រូវបានគេអនុវត្ត ដោយភ្ជាប់ទៅនឹង​កិច្ចព្រមព្រៀងដែលបានអនុម័ត​នៅ​ក្នុង​ទីក្រុង សូជី រវាងទីក្រុងមូស្គូ និងទីក្រុងអង់ហ្ការ៉ា។

តាមសារព័ត៌មាន Haberturk បានឱ្យដឹងថា (កិច្ចព្រមព្រៀង)​ស្តីអំពីទីក្រុង អេដលីប គឺកំពុងបាន អនុវត្តយ៉ាងពេញលេញ​នៅក្នុងការភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងទីក្រុងសូជី ដោយ​លោក Cavusoglu បាននិយាយបែបនេះ​បន្ទាប់កិច្ចប្រជុំមួយជាមួយសមភាគីអ៊ីរ៉ង់ និង​អាស៊ែបៃហ្សង់ ​របស់លោក។

លោករដ្ឋមន្រ្តីត្រូវបានគេដកស្រង់សម្តីដោយទីភ្នាក់សារព័ត៌មាន Anadolu ដែល​និយាយ​ថា មន្ត្រីការទូតជាន់ខ្ពស់តួកគី​បានសន្យាពីការធ្វើវិភាគទានរបស់ទីក្រុងតេអេរ៉ង់ ចំពោះ​ដំណោះស្រាយខាងនយបាយ​មួយនៅក្នុងប្រទេសស៊ីរី។ ជាទូទៅប្រទេសអ៊ីរ៉ង់តែងតែ​បាន​ធ្វើនូវកិច្ចខិតខំប្រឹងប្រែងនានា​នៅក្នុងគោលដៅទាំងនេះ។ ប្រទេសតួកគីនិងអ៊ីរ៉ង់​កំពុង​ធ្វើសកម្មភាព​យ៉ាងសកម្មរួមគ្នា នៅក្នុងកម្មវិធីនៃដំណើរការ​នានារបស់ទីក្រុងអាស្តាណា និងសូជី។

កាលពីព្រឹកថ្ងៃអង្គារ​អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី​ ប៉េស្កូវ​ បានប្រាប់ពួក​អ្នកយកព័ត៌មានថា វិមានក្រឹមឡាំង​ជឿជាក់ថា ដោយយោងតាមស្ថានភាពដ៏លំបាកនេះ គឺមិន​មានការគំរាមកំហែងណាមួយដែលថា កិច្ចព្រមព្រៀងរុស្ស៊ី-តួកគី ស្តីអំពីទីក្រុង អេដលីប​ អាច​នឹងត្រូវបានគេរំខាននោះទេ។

តាមអនុស្សរណៈរុស្ស៊ី-តួកគី​ដែលបានចុះហត្ថលេខានៅទីក្រុង សូជី កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងមក បន្ទាប់ពីកិច្ចចរចារវាង ប្រធានាធិបតីរុស្ស៊ី និងតួកគី តំបន់ដែលគ្មានកងទ័ព ក្នុងរយៈចម្ងាយពី ១៥-២០គីឡូម៉ែត្រនៅក្នុងទីក្រុងអេដលីប ត្រូវបានគេបង្កើតឡើងនៅថ្ងៃ​ទី១៥​​ខែតុលា កន្លងមកនេះ ប្រទេសតួកគី បានស្នើសុំឱ្យពន្យារពេលការល្បាតរួមគ្នានៅក្នុង​ទីក្រុងអេដលីប ដោយសារតែអសមត្ថភាពរបស់ខ្លួនក្នុងការធានាសន្តិសុខពីភាគីរបស់ខ្លួន៕

( ប្រភព TASS៖ បកប្រែដោយលោក មាស សំអុល )