កូរ៉េខាងត្បូង និងអាម៉េរិកនឹងបង្កើតក្រុមការងារ ស្តីអំពីកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ — ក្រសួងការបរទេសអាម៉េរិកបាននិយាយកាលពីថ្ងៃអង្គារថា កូរ៉េខាងត្បូង និងអាម៉េរិក​បានព្រមព្រៀងគ្នាថា នឹងបង្កើតក្រុមការងារមួយ​ដើម្បីធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួល លើគោលដៅរួមគ្នារបស់ពួកគេចំពោះកូរ៉េខាងជើង​។


តាមអនុអ្នកនាំពាក្យក្រសួងការបរទេស​លោក Robert Palladino បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ​ត្រូវបានគេអនុម័ត ក្នុងអំឡុងពេលដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុង​សេអ៊ូល​នាសប្តាហ៍នេះ ដោយតំណាងពិសេសអាម៉េរិក​សម្រាប់កូរ៉េខាងជើង លោក Stephen Biegun។

សេចក្តីប្រកាសនេះ បានធ្វើឡើងនៅចំពេលដែលមានការយល់ច្រឡំមួយ​នៅក្នុង​គោល​ដៅរបស់ សម្ព័ន្ធមិត្ត ទៅលើប្រទេសកូរ៉េខាងជើង។ ទីក្រុងសេអ៊ូលបាននឹងកំពុងជំរុញនូវ​គម្រោង​ឆ្លងកាត់ព្រំដែននានា​ជាមួយកូរ៉េខាងជើង នៅក្នុងការជំរុញការធ្វើមិនឱ្យមាន​នុយក្លេ​អ៊ែរ​​របស់របបនេះ ប៉ុន្តែទីក្រុងវ៉ាស៊ីងតោន​បានបង្ហាញនូវការព្រួយបារម្ភអំពីលទ្ធភាពដែល​អាចធ្វើឱ្យខូចដល់ការដាក់ទណ្ឌកម្មនានាទៅលើទីក្រុងព្យុងយ៉ាងនោះ។

លោក Palladino បាននិយាយថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក Biegun ទៅកាន់ទីក្រុងសេអ៊ូល គឺដើម្បីពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែងខាងការទូត ក្នុងការ​ធ្វើឱ្យប្រសើរឡើង​នូវការបញ្ចប់ និងពេញលេញដែលបានផ្ទៀងផ្ទាត់ការធ្វើមិនឱ្យមាន​នុយក្លេ​អ៊ែររបស់កូរ៉េខាងជើង។

អ្នកនាំពាក្យរូបនេះ បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដោយសង្ខេប​មួយ​ថា ធ្វើជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះដែរ រដ្ឋាភិបាលទាំងពីរ បានព្រមព្រៀងគ្នា​លើការ​បង្កើត​ក្រុមការងារថ្មីមួយ​ ដែលអាចនឹងពង្រឹងបន្ថែមទៀតនូវការសម្របសម្រួលឱ្យកាន់​តែជិត​ស្និទ្ធលើផ្នែកការទូតរបស់យើង លើកិច្ចខិតខំប្រឹងប្រែងការធ្វើមិនឱ្យមាននុយក្លេអ៊ែរ លើការ​អនុវត្ត​ការដាក់ទណ្ឌកម្មរបស់យើង ព្រមទាំងកិច្ចសហ-ប្រតិបត្តិការអន្តរកូរ៉េ ដែលស្របជាមួយ​ការដាក់ទណ្ឌកម្មនានារបស់ អ.ស.ប ផងដែរ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )