ចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាម៉េរិកលើក្រុមហ៊ុនចិន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ — ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន កាលពីល្ងាចថ្ងៃអង្គារនេះ បានសំដែងការប្រឆាំងជំទាស់ចំពោះ ការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាម៉េរិកលើក្រុមហ៊ុនចិនមួយ ដោយទទូចដល់ប្រទេសនេះឱ្យបញ្ឈប់ជាបន្ទាន់ការអនុវត្តដោយខុសឆ្គងរបស់ខ្លួននេះ ។

សេចក្តីថ្លែងការណ៍នោះត្រូវបានគេធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មអាម៉េរិកកាលពីថ្ងៃចន្ទ បានសម្រេចរឹតបន្តឹងការនាំចេញរបស់ក្រុមហ៊ុនចិនមួយ ដែលមានឈ្មោះថា Fujian Integrated Circuit Company ដោយដាក់បន្ថែមក្រុមហ៊ុននេះទៅក្នុង « បញ្ជីឈ្មោះអង្គភាព ( Entity List » ។

អ្នកនាំពាក្យម្នាក់របស់ក្រសួងនេះបាននិយាយថា ចិនប្រឆាំងជំទាស់ នឹងអំពើដែលការធ្វើឱ្យមានលក្ខណៈជាទូទៅនូវគំនិតសន្តិសុខជាតិ ព្រមទាំងរំលោភលើវិធានការត្រួតត្រាការនាំចេញរបស់អាម៉េរិក ហើយនឹងប្រឆាំងជំទាស់នឹងអំពើនៃការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាម៉េរិក ព្រមទាំងការចូលជ្រៀតជ្រែកនៅក្នុងការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិធម្មតារបស់សហគ្រាសនានានោះ ។

អ្នកនាំពាក្យនោះបាននិយាយថា ចិនទទូចដល់ភាគីរបស់អាម៉េរិកឱ្យប្រកាន់យកវិធានការនានា នឹងបញ្ឈប់ជាបន្ទាន់ការអនុវត្តដោយខុសឆ្គងនេះ, សម្រួលនឹងជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដូចធម្មតារវាងក្រុមហ៊ុននានានៃប្រទេសទាំងពីរ ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )