អង្គការពាណិជ្ជកម្មមីយ៉ាន់ម៉ា អំពាវនាវដល់ EU ឱ្យធ្វើការពិភាក្សាពីទណ្ឌកម្មពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ — តាមការផ្សាយព័ត៌មានមួយរបស់ UMFCCI កាលពីថ្ងៃអង្គារឱ្យដឹងថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មសហព័ន្ធសហភាពមីយ៉ាន់ម៉ា ( UMFCCI ) បានអំពាវនាវដល់សហភាពអឺរ៉ុប ( EU ) ឱ្យធ្វើការពិភាក្សាគ្នា ស្តីពីទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសនេះ ដែលខ្លួនមានបំណងដោយសង្ឃឹមថា នឹងមានការវាយតម្លៃដែលមានតុល្យភាពមួយជាមួយបញ្ហានេះ បន្ទាប់ពីជួបប្រជុំជាមួយពួកអ្នកតំណាង មកពីគ្រប់ផ្នែកទាំងអស់ ។

ក្រុមត្រួតពិនិត្យមើលមួយរបស់ EU នៅក្នុងបេសកកម្មរបស់ខ្លួន ដើម្បីពិនិត្យមើលនឹងវាយតម្លៃការពិតថាតើខ្លួនគួរដកចេញនូវគម្រោងសិទ្ធិអាទិភាពដែលមានលក្ខខណ្ឌទូទៅ ( GSP ) ដែលបានផ្តល់ឱ្យកាលពីមុនដល់ប្រទេសមីយ៉ាន់ម៉ាឬយ៉ាងណានោះ បានជួបជាមួយមជ្ឈដ្ឋានពាណិជ្ជកម្មដែលដឹកនាំដោយ UMFCCI ក្នុងទីក្រុងយ៉ានហ្គន កាលពីថ្ងៃចន្ទ ។

UMFCCI បានទទូចឱ្យមានការ​គាំទ្រពីសហគមន៍អន្តរជាតិ ដែលរួមទាំង EUផង សម្រាប់ធ្វើការអភិវឌ្ឍដ៏យូរអង្វែងឋានៈបច្ចុប្បន្នរបស់ប្រទេសនេះនៅពេលដែលប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅក្នុងការផ្លាស់ប្តូរតាមលទ្ធិប្រជាធិបតេយ្យមួយ ជាមួយនឹងកម្លាំងចលករ ដែល EU បានជួយ ។

តាមស្ថិតិផ្លូវការឱ្យដឹងថា នៅក្នុង FY 2017- 2018 កន្លងទៅប្រទេសនេះ​រកចំណូលបានប្រហែល២,៥ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ ។ សម្លៀកបំពាក់របស់ប្រទេសនេះភាគច្រើនគេនាំចេញទៅទីផ្សារជប៉ុន និង អឺរ៉ុប ក៏ដូចជាទីផ្សារចិន , កូរ៉េខាងត្បូង និង ស.រ.អា ។

មានរោងចក្រសម្លៀកបំពាក់ជាង ៤០០ ដែលមានកម្មករជាង ៣០០.០០០នាក់ នៅក្នុងឧស្សាហកម្មនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )