ចាប់បានថ្នាំគ្រាប់មេតាមហ្វេតាមីន ១៤,៦លានគ្រាប់ តាមបណ្តោយទន្លេមេគង្គក្នុងប្រទេសថៃភាគខាងជើង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ — សេចក្តីរាយការណ៍នានា បាននិយាយពីថ្ងៃអង្គារនេះថា ថ្នាំគ្រាប់មេតាមហ្វេតាមីនសរុបទាំងអស់ ១៤,៦លានគ្រាប់ ត្រូវបានគេរឹបអូសយកបាននៅតាមបណ្តោយទន្លេមេគង្គ ក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ ភាគខាងជើង កាលពីព្រឹកថ្ងៃចន្ទ ។

ការចាប់បាននេះ ត្រូវបានគេធ្វើឡើងនៅក្នុងការបង្រ្កាបមួយ លើការជួញដូរគ្រឿងញៀននៅក្នុងតំបន់ព្រំដែនថៃ-ឡាវ ដោយទាហានល្បាតយោធា, ពួកទាហាននឹងពួកភ្នាក់ងារមកពីកង Mekong Riberine Unit របស់កងនាវាចរ ហើយនឹងពួកមន្ត្រីរដ្ឋការក្នុងស្រុក កាលពីព្រឹកព្រលឹមថ្ងៃចន្ទ ។

តាមពួកមន្ត្រីឱ្យដឹងថា កម្លាំងរួមបានប្រទះឃើញរថយន្តភិកអាប់២គ្រឿងដែលចូលមកជិត ហើយ បានបញ្ឈប់រថយន្តទាំងពីរគ្រឿងនោះ ដើម្បីធ្វើការត្រួតពិនិត្យមើល ។ ប៉ុន្តែពួកអ្នកនៅលើរថយន្តនោះបាន គេចខ្លួនពីរថយន្តរបស់ពួកគេនៅក្នុងភាពងងឹត ។

ថ្នាំគ្រាប់នេះដែលដាក់នៅក្នុងបាវចំនួន៧៣ ត្រូវបានគេរកឃើញនៅក្នុងរថយន្តទាំងពីរគ្រឿងនោះ។ កងកម្លាំងនេះកំពុងតាមរកបណ្តាញរត់ពន្ធគ្រឿងញៀននេះ៕

( ប្រភពស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)