អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ –តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោក Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្ត​ភាពនៅកម្ពុជារយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០១៨។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស មានកម្មវិធី ជួបសម្តែងការគួរសម និងសវនាការជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន ចូលជួបសម្តែងការគួរសម និងសវនាការជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, និងចូលជួបសម្តែងការគួរសម និងសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រៅពីនេះគណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេសនឹងអញ្ជើញទស្សនាព្រះបរមរាជវាំង សារមន្ទីជាតិ និងប្រសាទមួយចំនួនក្នុងខេត្តសៀមរាបផងដែរ៕

ដោយប៉ាល់ សុង