ខេត្តឧត្តរមានជ័យប្រារព្ធខួបទិវាមនុស្សចាស់លើកទី២០ ទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០១៨

AKP ឧត្តរមានជ័យ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ –នៅបរិវេណសាលាស្រុកចុងកាល់ កាលពីរសៀលថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មន្ទីរសង្គមកិច្ច អតីតយុទ្ធយុទ្ធជន និងយុវនីតិសម្បទាខេត្តឧត្តរមានជ បានរៀបចំពិធីប្រារព្ធខួបទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២០ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ “សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ក្នុងកាថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ” ក្រោមអធិបតីភាព ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងចាស់ជរា ប្រមាណជាង៤០០នាក់

ឯកឧត្តម ស ថាវី មានប្រសាសន៍ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ និងដឹងគុណចំពោះមនុស្សចាស់ ពិសេសមនុស្សចាស់ជាអតីតមន្ត្រីរាជការ និងអតីតកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទែលបានចូលនិវត្តន៍លោកទាំងអស់នោះជាអ្នកមានបទពិសោធន៍ច្រើនក្នុងការងារជំនាញនានា ដែលពួកគាត់បានអនុវត្តន៍ និងរួមចំណែកការពារ កសាង អភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា បច្ចុប្បន្នពិតមែនតែអតីតមន្ត្រីរាជការ ដែលពួកគាត់ទាំងអស់បានសម្រាកពីការងាររដ្ឋ ប៉ុន្តែគ្រួសារ និងសហគមន៍នៅតែត្រូវការជាចាំបាច់ក្នុងសកម្មភាពទាំងនេះ ហើយដែលបង្ហាញថា មនុស្សចាស់ជាធនធានដ៏មានសារៈប្រយោជន៍ ណាស់សម្រាប់ការអភិវឌ្ឍនៅជនបទ បានរួមចំណែកក្នុងការតាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែបានគិតគូរ ដល់សុខមាលភាពមនុស្សចាស់តាមរយៈគោលនយោបាយយុទ្ធសាស្ត្រចតុកោណ។

ឯកឧត្តម បានថ្លែងអំណរគុណចំពោះក្រសួង ក៏ដូចមន្ទីរសង្គមកិច្ចអតីតយុទ្ធយុទ្ធជននិង យុវនីតិសម្បទាខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានាដែលបានជួយឧបត្ថម្ភគាំទ្រ ដល់សមាគមមនុស្សចាស់ កន្លងមកដែល ជាកម្លាំងចលករជំរុញដំណើរការបានល្អដល់សព្វថ្ងៃនេះ និងបានចាត់ទុក ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ គឺពិតមានសារៈសំខាន់ និងបានអំពាវនាវ ផ្ដាំផ្ញើឱ្យមានការចូលរួម ដើម្បីរៀបចំ និងផ្សព្វផ្សាយឱ្បានទូលំទូលាយ ដល់ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យគ្រប់វ័យឱ្យយល់ដឹងកាន់តែច្បាស់ អំពីអត្ថន័យនៃទិវានេះ ។

ក្នុងពិធីនោះផងដែរឯកឧត្តមអភិបាលខេត្តបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងបណ្ណ បេឡាជាតិ របបសន្តិសុខសង្គម(...) ចែកជូនអតីតមន្ត្រីរាជការចូលនិវត្តន៍ចំនួន ៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន មីកេស ស្ករគីឡូក្រាម ទឹកដោះគោកំប៉ុង ភួយ និងថវិកាម៉ឺនរៀល

ដោយ ទិត ស្រ៊