កយកា និងក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំសហគមន៍ និងកសិករឆ្នើម ទស្សនកិច្ចសិក្សានៅខេត្តសៀមរាប និងខេត្តកំពង់ធំ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ –ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា) សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំសហគមន៍ និងកសិករឆ្នើមទៅទស្សនកិច្ចសិក្សានិងរៀបចំសិក្ខាសាលា ស្តីពីគម្រោង អភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ ចលនាភូមិថ្មីនៅក្នុងខេត្ដសៀមរាប និងខេត្ដ កំពង់ធំ ដែលមានការចូលរួមចំនួនសរុប២០០នាក់ មកពីភូមិគំរូនៅក្នុងខេត្តគោលដៅចំនួន៣គឺ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីក្រសួង និងមន្ទីរ ក្រោមការដឹកនាំ និងគ្រប់គ្រងដោយនាយករងកយកាប្រចាំកម្ពុជា លោកស្រី Kim Myung Jin និងនាយកអភិវឌ្ឍន៍សហគមន៏នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក​ អឿន ធារិទ្ធិ។ ទស្សនកិច្ចសិក្សា  ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប និងកំពង់ធំចាប់តាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ដល់  ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។ នេះបើយោងតាមការចេញផ្សាយរបស់កយកាប្រចាំនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងលើកកម្ពស់ចំណេះដឹង និងការ យល់ដឹងអំពីបច្ចេកវិទ្យា និងដំណើរការកសិកម្ម រួមទាំងគំរូអភិវឌ្ឍន៍សហគមន៍ជាក់ស្តែង ទៅកាន់ថ្នាក់ដឹកនាំសហគមន៍ និងកសិករ ឆ្នើមទាំង៣០ភូមិ នៅក្នុងខេត្តគោលដៅទាំង៣។​ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំថ្នាក់ដឹកនាំសហគមន៍ទាំងអស់នៅក្នុងភូមិគំរូដើម្បីចែករំលែកព័ត៌មាន បទពិសោធន៍ និងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ

ក្រុមការងារគម្រោងបានទៅទស្សនាកសិដ្ឋាន Happy and Co Farm ដែលជាកសិដ្ឋាន អនុវត្តន៍ជាក់ស្តែងលើផលិតផលបន្លែគ្មានជាតិគីមី។ ក្រុមការងារគម្រោង ក៏បានទៅមើល គម្រោងនៃភាពជាដៃគូសម្រាប់សហរីកចម្រើនិងការរួមរស់ជាមួយគ្នា ដើម្បីជាគំរូអភិវឌ្ឍន៍សហគមន៍។ នៅក្នុងព្រឹត្តិការណ៍នេះ នឹងរៀបចំសិក្ខាសាលាមួយ ដែលជាវេទិកាសម្រាប់ថ្នាក់ ដឹកនាំសហគមន៍ទាំងអស់ និងកសិករឆ្នើមពីភូមិគំរូចំនួន៣០ ដើម្បីចែករំលែកព័ត៌មាន និងដើម្បីភ្ជាប់ទំនាក់ទំនងសម្រាប់ការប្រាស្រ័យទាក់ទងគ្នានាពេលអនាគតផងដែរ។​

ក្នុងសិក្ខាសាលានេះ ក៏មានអ្នកជំនាញការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើបទ បង្ហាញទាក់ទងទៅនឹងផែនការប្រតិបតិ្តការគម្រោងបន្ទាប់ពីការគាំទ្ររបស់កយកា ត្រូវបានបញ្ចប់។ ទន្ទឹមនេះ បទបង្ហាញ បានផ្តោតសំខាន់លើរបៀបដែលគម្រោងនឹងត្រូវបានគ្រប់គ្រង និងអ្វីដែលអ្នកភូមិគួរតែធ្វើក្រោយឆ្នាំ២០១៩ខាងមុខ

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមគម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ ចលនាភូមិថ្មី នេះគឺជាគម្រោងរយៈពេលឆ្នាំ ដែលត្រូវបានអនុវត្តន៍ក្រោមជំនួយ ឥតសំណងចំនួន៨.៩៦លានដុល្លារពីសាធារណរដ្ឋកូរ៉េ។ គម្រោងនេះ ត្រូវបានអនុវត្តន៍ក្រោម កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់កយកា និងក្រសួងអភិវឌ្ឍន៍ជនបទដោយមានសមាសភាគ សំខាន់ៗចំនួនទី១.ការរៀបចំផែនការមេស្តីពីការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ទី២. ការអនុវត្ត គម្រោងសាកល្បងក្នុងភូមិគំរូចំនួន៣០ នៅខេត្តកំពង់ស្ពឺ តាកែវ និងខេត្ដត្បូងឃ្មុំ និងទី៣. ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជាកូរ៉េ (CKRDC) នៅខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះដែរ កូយកានឹងប្រគល់គម្រោងនេះទៅឱ្យរដ្ឋាភិបាលកម្ពុជានាខែវិច្ឆិកាឆ្នាំ ២០១៨នេះទន្ទឹមនេះ ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តអនុវត្តន៍ គម្រោងនេះឱ្យកាន់តែមាន សមិទ្ធផលបន្ថែមទៀតជាពិសេសការគាំទ្រជាជំនួយបច្ចេកទេស ដល់អ្នកភូមិសម្រាប់ការ អនុវត្តនិងនិរន្តរភាពគម្រោងនាពេលអនាគត៕

ដោយ អ៊ុន រិទ្ធី (រូបថត៖កយកា)