រាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិកាប្រមាណជាង១៩ពាន់លានដុល្លារ សម្រាប់​កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ –រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា តាមរយៈគម្រោងសិក្សាផែនការ  មេភស្ដុ​ភារកម្មនៅកម្ពុជា រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណជាង១៩ ពាន់លាន ដុល្លារ សម្រាប់កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងកសាងផ្លូវល្បឿនលឿន ព្រមទាំងការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ថែមទៀត

ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្ដុភារកម្មនៅកម្ពុជា នា ព្រឹកថ្ងៃទី៣០ ខែតុលានេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋ មន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការចេញនូវរបាយ ការណ៍នេះគឺពិតជាផ្ដល់សារៈសំខាន់ណាស់ក្នុងការអនុវត្ដគម្រោងភស្ដុភារកម្មនៅក្នុងរាជធានី ខេត្ដទាំង២៥ ដែលបានដាក់ចេញសម្រាប់អនុវត្ដន៍ក្នុងរយៈខ្លី រយៈពេលមធ្យម និងរយៈពេល វែង ព្រមទាំងបានបង្ហាញអំពីគម្រោងជាក់លាក់ ដើម្បីឱ្យក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល យកទៅធ្វើការអនុវត្ដ ឱ្យទទួលបានជោគជ័យ។ឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការសិក្សាជាច្រើនត្រូវបានធ្វើឡើងតាមរយៈការដាក់ បញ្ចូលផែនការមេផ្នែកភស្ដុភារកម្មដែលដៃគូអភិវឌ្ឍន៍បានធ្វើឡើងទាក់ទងនឹងការកសាងផ្លូវ ថ្នល់ការកសាងផ្លូវល្បឿនលឿន ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក និងការជួស ជុល និងកសាងផ្លូវដែកជាដើម។ ប៉ុន្ដែការសិក្សា និងគម្រោងទាំងអស់នោះ នៅមិនទាន់បាន ដាក់ច្របាច់បញ្ចូលគ្នា និងបញ្ចប់ផែនការមេនៅឡើយទេ ដែលត្រូវធ្វើការពិនិត្យឡើងវិញ ព្រម ទាំងបំពេញបន្ថែមទៅលើផែនការមេ។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា គម្រោងជាច្រើនកំពុងតែ បានអនុវត្ដន៍ និងត្រៀមរៀបចំ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងផែនការមេភស្ដុភារកម្មនៅកម្ពុជា មានឧត្តមភាព និងភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ផែនការទាំងនេះ រួមមានការពង្រីកផ្លូវជាតិលេខ៥ ពីភ្នំពេញទៅខេត្ដបាត់ដំបង បន្ទាយមានជ័យ និងប៉ោយប៉ែតដោយពង្រីកពី២គន្លង ទៅ៤គន្លង ដែលផ្លូវនេះគឺជាផ្លូវអាស៊ានភ្ជាប់ពីប្រទេសចិនដល់ប្រទេសមីយ៉ាន់ម៉ា ថៃ និងចូលមកកម្ពុជា ហើយបន្ដភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ដល់បាវិត និងភ្ជាប់ជាមួយនឹងប្រទេសវៀតណាម ដែលជាផ្លូវអាស៊ានហៃវ៉េលេខ១។ ចំណែកផ្លូវជាតិលេខ៣ ក៏កំពុងតែពង្រីកកែលម្អបន្ថែមទៀត ចាប់ ពីរាជធានីភ្នំពេញទៅកាន់ខេត្ដកំពត ដោយពង្រីពី២គន្លង ទៅ៤គន្លង ដែលមានប្រវែង៧០ គីឡូមែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវបំបែកគូស ស្ថិតក្នុងស្រុកត្រាំកក់ ខេត្ដតាកែវ និងពង្រីក២គន្លងរហូតដល់ខេត្ដកំពត។ ទន្ទឹមនេះ ការកសាង និងកែលម្អផ្លូវជាតិលេខ១១ ពីអ្នកលឿងរហូតដល់ផ្លូវជាតិលេខ៧ ព្រមទាំងការកសាង និងកែលម្អផ្លូវជាតិសំខាន់ៗជាច្រើន ទៀតពីការចាក់កៅស៊ូBST ទៅAC ឬចាក់បេតុង ដើម្បីធានាគុណភាពប្រើប្រាស់ឱ្យបានយូរ អង្វែង។

ឯកឧត្ដមបានពន្យល់ថា ការចាប់ផ្ដើមកសាង និងកែលម្អផ្លូវថ្នល់ពីការចាក់កៅស៊ូ ប្រភេទBST ទៅជាប្រភេទAC ឬប្រភេទផ្លូវចាក់បេតុងឱ្យមានគុណភាពប្រើប្រាស់ជាប់បាន យូរអង្វែងនាពេលនេះគឺជាពេលវេលាសមស្របមួយដែលរាជរដ្ឋាភិបាលបានសម្រេចអនុវត្ដន៍នូវគម្រោងផែនការកែលម្អផ្លូវថ្នល់ ខណៈកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចក្នុង មួយៗឆ្នាំ ប្រមាណ៧ភាគរយជាបន្ដបន្ទាប់នោះ។ ក្រៅពីការកសាង និងកែលម្អផ្លូវថ្នល់នោះ ក្រសួង សាធារណការ និងដឹកជញ្ជូន នឹងបន្ដរៀបចំផែនការមេលើហេដ្ឋារចនាសម្ព័នដឹកជញ្ជូន នៅ ខេត្ដព្រះសីហនុ ខេត្ដសៀមរាប ក្រុងតាខ្មៅ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ ខេត្ដកែប និងខេត្ដ កំពត ដោយសារតែខេត្ដទាំងនេះ កំពុងតែមានការរីកចម្រើនផ្នែកសំណង់ និងការអភិវឌ្ឍយ៉ាង ឆាប់រហ័សក្នុងរយៈពេលចុងក្រោយនេះក៏ដូចជានាពេលខាងមុខ។ ឯកឧត្ដមបានបន្ថែមទៀតថា តាមរយៈគម្រោងផែនការមេភស្ដុភារកម្មនៅកម្ពុជានេះ គ្រោងនឹង ចំណាយថវិកាច្រើនដែលមានរហូតដល់ជាង១៩ពាន់លានដុល្លារ គឺជាចំនួនមួយដ៏ច្រើន ហើយរាជរដ្ឋាភិបាលនឹងមិនមានថវិកាគ្រប់គ្រាន់ និងមិនអាចធ្វើកិច្ចការងារនេះតែម្នាក់ឯង តាមរយៈការប្រើប្រាស់ថវិកាជាតិបាននោះទេ គឺត្រូវពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ និងវិស័យឯក ជន ដើម្បីចូលរួមអនុវត្ដន៍គម្រោងទាំងនេះឱ្យទទួលបានជោគជ័យ។

លោក ស៊ូហ្គាណូ យូអិឆិ(Sugano Yuichi) តំណាងទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរ ជាតិនៃ ប្រទេសជប៉ុនប្រចាំកម្ពុជា(JICA) បានឱ្យដឹងថា ការសិក្សាគម្រោងផែនការមេនេះ គឺជាបានផ្ដល់នូវចក្ខុវិស័យក្នុងរយៈពេលវែង ដើម្បីចូលរួមកែលម្អប្រព័ន្ធភស្ដុភារកម្មនៅកម្ពុជា ក្នុងការកំណត់គោលដៅ និងយុទ្ធសាស្រ្ដច្បាស់លាស់ សម្រាប់យកទៅអនុវត្ដន៍ស្របតាមផែន ការត្រឹមឆ្នាំ២០២៥ខាងមុខ។ លោកបានបន្ដថា ការកសាង និងកែលម្អប្រព័ន្ធភស្ដុភារកម្មនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ផងដែរ។

សូមបញ្ជាក់ថា តាមការសិក្សាគម្រោងផែនការមេភស្ដុភារកម្មនៅកម្ពុជានេះគឺមានរយៈ ពេល៧ឆ្នាំ ចាប់ពីឆ្នាំ២០១៨២០២៥ ដែលគ្រោងនឹងចំណាយថវិកាប្រមាណជាង១៩ពាន់ លានដុល្លារ ដើម្បីកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់តភ្ជាប់ផ្លូវពីខេត្ដមួយ ទៅខេត្ដមួយនៅទូទាំងប្រទេស និងការតភ្ជាប់ផ្លូវពីប្រទេសកម្ពុជា ទៅកាន់ប្រទេសក្នុងតំបន់ថែមទៀត៕

ដោយ អ៊ុន រិទ្ធី