ចិន នឹងជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជា លើវិស័យកសិកម្ម

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ –ដោយកម្ពុជានិងចិនជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយនោះ រដ្ឋាភិបាលចិន នឹងជួយពង្រឹងការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជាលើជំនាញបច្ចេកទេសដាំដុះ សម្រាប់វិស័យកសិកម្ម

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈស្ដីពីការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា កាលពី ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាក្រោមកិច្ច សហប្រតិបត្តិការរយៈពេល០៥ឆ្នាំ ផ្តោតលើការបណ្តុះបណ្តាលលើវិស័យកសិកម្មដល់កម្ពុជា ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ គឺបានឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសការចែករំលែកមួយសាធារណរដ្ឋប្រជាមានិតចិន ដែលចិន ពិតជាមាន ការអភិវឌ្ឍខ្ពស់ចំពោះវិស័យកសិកម្មនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថាវាជាការរួមចំណែកកាន់តែជ្រាលជ្រៅលើកិច្ចសហប្រតិបត្តិការរវាកម្ពុជា-ចិន កាន់តែមានការរីកចម្រើនទៅមុខ ជាបន្តបន្ទាប់ ដែលថ្នាក់ដឹកនាំ យើងទាំងពីរចាត់ទុកថាជាយុទ្ធសាស្ត្រដែកថែប ឯកឧត្តម​រដ្ឋមន្រ្ដីបន្ដថា គម្រោងនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្លូវមួយខ្សែក្រវាត់មួយ ដែល ជាគំនិតផ្តួចផ្តួចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលកម្ពុជាជាដៃូមួយនៅក្នុងយុទ្ធ សាស្ត្រមួយនេះ ទន្ទឹមនេះ កន្លងមក កម្ពុជា និងចិនមិនត្រឹមតែសហប្រតិ្តបត្តិការ លើវិស័យនយោ បាយ សេដ្ឋកិច្ច វិនិយោ ទេសចរណ៍ ប៉ុណ្ណោះទេ ប៉ុន្ដែឈានចូលការអភិវឌ្ឍវិស័យធនធាន មនុស្សថែមទៀត។

ឯកឧត្តម ឡៅ ហ៊ីម អគ្គនាយកនៃ អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ភាគីចិនចុះ ត្ថលេខាជាមួយក្រសួងការងារនេះ ដោយសារក្រសួងការងារ មានសាលា ជាច្រើនលើការ បណ្តុះបណ្តាលធនធានមនុស្ស គ្របដណ្តប់នៅទូទាំងប្រទេស។ ឯកឧត្តមបានបន្ដថា គោល ដៅនៃអនុស្សរណរវាងភាគីទាំងពីរនេះ គឺចង់បង្កើនសមត្ថភាព ក្នុងការកែច្នែផលិតផល កសិកម្ម និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព ទាំងនៅ ប្រទេស ចិន និងកម្ពុជា ពិសេសទៅលើប្រជាកសិករខ្មែរឱ្យចេះកែច្នៃផ្នែកដាំដុះ ក៏ដូចជាផ្នែកប្រមូល ផល។ ជាមួយគ្នានេះដែរ សម្រាប់ការដាំដុះ និងការប្រមូលផល ធ្វើយ៉ាងណាឱ្យត្រូវទៅនឹង ស្ថានភាព និងនិន្នាការនាពេលបច្ចុប្បន្ន និងអនាគត ដូចជាការប្រើប្រាស់ជី និងការប្រើ ប្រាស់ពូជជាដើម។

លោក Liu Gaodao អនុប្រធានអង្គការ CATAS (Chinese Academy of Tropical Agricultural Sciense)នៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា CATASគឺ ជាវិទ្យាស្ថានស្រាវជ្រាវ តំបន់ត្រូពិនៃប្រទេសចិន ដែលឈរលើលំដាប់ថ្នាក់ធំជាងគេនៅប្រទេសចិន ទួលការ សិក្សាស្រាវជ្រាវលើវិស័យកសិកម្ម និងជំនាញបច្ចេកទេសផ្សេងៗដែលទាក់ទងផ្នែក កសិកម្ម ដោយមានវិទ្យាស្ថាន ក្រោមអង្គការចំនួន១៣វិទ្យាស្ថានលើជំនាញខុសៗគ្នា។

សូមបញ្ជាក់ថា ក្រោយពិធីចុះហត្ថលេខានេះ ភាគីទាំងពីរ កម្ពុជា-ចិន នឹងធ្វើកិច្ចសហ ប្រតិបត្តិការជាមួយគ្នាជាច្រើន រួមមាន ការផ្លាស់ប្តូរសម្ភារសិក្សាស្រាវជ្រាវ ឯកសារ និងព័ត៌ មានពាក់ព័ន្ធ, កម្មវិធីផ្លាស់ប្តូរគ្រូ អ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រ, វគ្គបណ្តុះបណ្តាលរួម គ្នាសម្រាប់អ្នកគ្រប់គ្រង់ជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តា លវិជ្ជាជីវៈ និងការបណ្តុះបណ្តាលពីចម្ងាយ (Web distance training) ដែលគាំទ្រដោ CATAS

ដោយ អ៊ាង ប៊ុនរិទ្ធ