រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញប្រកាសដើម្បីពង្រឹងសមត្ថភាពមន្រ្តីស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួង

AKP ភ្នំពេញ ថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០១៨ –រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានចេញប្រកាសក្នុងការ កំណត់គោល ដៅសំខាន់ៗដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពរបស់មន្រ្តីរាជការស៊ីវិល នៅទីស្តីការ ក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ក្នុងប្រកាសចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការអភិវឌ្ឍសមត្ថភាពនេះ គឺធ្វើឡើងតាមរយៈការកសាងចំណេះដឹង ជំនាញ និងលទ្ធភាពបំពេញការងារ តាមរយៈការផ្លាស់ប្តូរជាបន្តបន្ទាប់នូវអាកប្បកិរិយា និងឥរិយាបថក្នុងការបំពេញការងារ។ សម្ដេចក្រឡាហោមបានបន្ដថា ការពង្រឹងសមត្ថភាពរបស់ មន្រ្តីនេះ គឺដើម្បីបង្កើនគុណផលបច្ចុប្បន្ន និងដើម្បីឱ្យមន្រ្តីត្រៀមខ្លួនបានកាន់តែល្អប្រសើរ សម្រាប់ការផ្លាស់ប្តូរនាពេលអនាគត។

សម្ដេចក្រឡាហោមបានបន្ដថា ការបង្កើនសមត្ថភាពនេះ ត្រូវធ្វើឡើងដោយអង្គភាពចំណុះ ក្រសួងមហាផ្ទៃ ឬដោយរដ្ឋបាលថ្នាក់ក្រោមជាតិ វិញ្ញាបនបត្របញ្ជាក់ការសិក្សាត្រូវចេញ ដោយក្រសួងមហាផ្ទៃ ឬអង្គភាពចំណុះក្រសួងមហាផ្ទៃ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះ មន្រ្តីរាជការស៊ីវិលគ្រប់រូបនៅទីស្តីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាល ថ្នាក់ក្រោមជាតិត្រូវចូលរួមកម្មវិធីអភិវឌ្ឍន៍សមត្ថភាពជាកាតព្វកិច្ច ដែលរៀបចំឡើងដោយ ក្រសួងមហាផ្ទៃ៕

ដោយ ចាន់ សុធីវង្ស