មន្រ្តីជាន់ខ្ពស់នគរបាលជាតិលើកចិត្តឱ្យភ្នាក់ងារសន្តិសុខឯកជនរាយការណ៍រាល់បទល្មើស ជូនសមត្ថកិច្ច

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ –ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃក្រសួងមហាផ្ទៃបានជំរុញ និងលើកទឹកចិត្ត ឱ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននៅរាល់គ្រប់បទ ល្មើស ដែលកើតមានឡើងនៅតាមគោលដៅ ដែលខ្លួនកំពុងតែយាមកាម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បាន គូសបញ្ជាក់ថា ព័ត៌មានដែលភ្នាក់ងារសន្តិសុខឯកជនទាំងអស់បានរាយការណ៍ នឹងត្រូវរក្សា ការសម្ងាត់ជូន ព្រមទាំងផ្ដល់នូវរង្វាន់លើកទឹកចិត្តជូនផងដែរ ។ ការលើកឡើងនេះ ធ្វើឡើង ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៨ ដែលមាន សិក្ខាកាមជិត២០០នាក់ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដល់កងកម្លាំងនគរបាលជាតិ និងជាអ្នកការពារថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅនឹងកន្លែងផ្ទាល់ជាមួយប្រជាពលរដ្ឋ ដូច្នេះបើភ្នាក់ងារសន្ដិសុខឯកជនមាន វិជ្ជាជីវៈច្បាស់លាស់នោះ វានឹងធ្វើឱ្យប្រសើរឡើងនូវការចូលរួមថែរក្សាសន្ដិសុខ បានយ៉ាងល្អប្រសើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់ការពន្យល់របស់វាគ្មិន ហើយក្រេបយក ចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សាធារណៈ និងសង្គមជាតិទាំងមូល៕

ដោយ ចាន់ សុធីវង្ស