រដ្ឋាភិបាលស៊ីរីខំធ្វើការយ៉ាងស្វិតស្វាញដើម្បីស្វែងរកដំណោះស្រាយនយោបាយបញ្ឈប់សង្រ្គាមដ៏យូរអង្វែង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (៣០.១០.១៨)

ស៊ីរី៖ បើយោងតាមភ្នាក់ងារព័ត៌មានសាណា (SANA) របស់ស៊ីរីបានឲ្យដឹងថារដ្ឋមន្រ្តីក្រសួងការបរទេសរបស់​ប្រទេសស៊ីរីលោកវ៉ាលីដ អាល់ ម៉ូអាឡិម (Walid al-Muallem)បាននិយាយកាលពីថ្ងៃចន្ទថារដ្ឋាភិបាលស៊ីរីកំពុង​ខិតខំប្រឹងប្រែង​ដើម្បីស្វែងរកដំណោះស្រាយនយោបាយចំពោះវិបត្តិ​សង្គ្រាមដែលមាន រយៈពេលជាងប្រាំពីរឆ្នាំមកហើយ ។

លោករដ្ឋមន្រ្តីបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកនៅទីក្រុងដាម៉ាសជាមួយគណៈប្រតិភូដែលចូលរួមនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនិងសហភាពយុវជនអន្ដរជាតិ ។

លោកបានសង្កត់ធ្ងន់ថាការសម្រេចចិត្តទាក់ទងនឹងដំណោះស្រាយនយោបាយគួរតែគ្មានការជ្រៀតជ្រែកពីបរទេសជាពិសេសនៅក្នុងបញ្ហារដ្ឋធម្មនុញ្ញរបស់ប្រទេស។

រដ្ឋាភិបាលស៊ីរីបានបញ្ជាក់យ៉ាងច្បាស់ក្នុងពេលថ្មីៗនេះក្នុងអំឡុងពេលឥស្សរៈជនរបស់អង្គការសហប្រជាជាតិធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងដាម៉ាស់ ​ថាបញ្ហាររដ្ឋធម្មនុញ្ញរបស់ស៊ីរីគួរតែត្រូវពិភាក្សានិងដោះស្រាយនៅក្នុង​ប្រទេសរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែកពីបរទេស។