អូឡាំពិកកម្ពុជាស្នើឱ្យជនខិលខូចបញ្ឈប់សកម្មភាពប្រាសចាក ពីគោលបំណងនៃទិវាពាក់កណ្តាលម៉ារ៉ាតុងអង្គរ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នំា២០១៨ –គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានស្នើឱ្យជនខិលខូចមួយចំនួន ដែលកេងចំណេញយកព្រឹត្តិការណ៍នេះធ្វើអាជីវកម្មក្នុងរូបភាពប្រមូលថវិកាសប្បុរសធម៌ធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ប្រាសចាកចេញ ពីគោលបំណងនៃព្រឹត្តិការណ៍កីឡារត់ប្រណាំង អន្ដរជាតិពាក់កណ្ដាល ម៉ារ៉ា តុងអង្គរ ខេត្តសៀមរាប ខណៈទិវានេះនឹងត្រូវប្រារព្ធធ្វើ ឡើងជាថ្មីម្តងទៀតលើកទី២៣ នាថ្ងៃទី០២ ខែធ្នូ ខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិកកម្ពុជាបញ្ជាក់កាលពីចុងសប្តាហ៍ថា អ្នកដែលកេងចំណេញ ឬបន្លំយកធ្វើជា ប្រជយោន៍ផ្ទាល់ខ្លួនត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីជំរុញ ទិវាកីឡា-ទេសចរណ៍នេះផ្តល់ផលប្រយោជន៍ជាមួយដល់ជាតិ។ កន្លងមកមានជនខិលខូច និងអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួនបានបន្លំយកព្រឹត្ដិការណ៍នេះទៅ ធ្វើសកម្មភាពផ្សេងៗខុសពីគោលដៅរបស់គណៈកម្មការ រៀបចំដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទិវា ទាំងមូលជាពិសេសគឺភ្ញៀវទេសចរចូលរួម ដែលត្រូវបានជន អគតិទាំងនោះបន្លំ និងរៃអង្គាសថវិកាធ្វើជាប្រ យោជន៍ផ្ទាល់ខ្លួនជាដើម ក្រោមរូបភាពប្រមូលមូលនិធីជួយដល់ កិច្ចការសង្គម និងសប្បុរសធម៌ជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្ន អត្តពលិកជាតិ និងអន្ដរជាតិបានចុះឈ្មោះត្រៀម ចូលរួមរត់បានជាង៧០០០នាក់ហើយ ក្នុងនោះមានអត្តពលិកអន្ដរជាតិ ៣៦០០នាក់ មកពី៧៤ប្រទេស ប៉ុន្ដែនៅពេលទិវាចាប់ផ្តើមត្រូវបាន គេរំពឹងទុកថា ព្រឹត្តិការណ៍នេះនឹង ទាក់ទាញបានអ្នកចូលរួមប្រហាក់ប្រហែលគ្នានឹងឆ្នាំមុន ឬអាចលើសឆ្នាំមុន បន្តិចបន្តួច ដោយពីឆ្នាំ២០១៧កន្លងទៅ មានអ្នកចូលរួម ១០៥០០នាក់៕

ដោយ ហេង ណាលីន