ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំបូកគោ ទាក់ទាញបានអ្នកចូលរួមជាង១៤០០នាក់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នំា២០១៨ –ទិវាកីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៥ ឆ្នាំ២០១៨ លើភ្នំបូកគោ ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ បានទាក់ទាញបាន អ្នកចូលរួមរត់១៤៥៩នាក់ ដើម្បីប្រមូលថវិកាទាំងអស់ដែលបានមក ពីទិវានេះនឹងត្រូវ បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។

លោក កែវ សិទ្ធិ នាយកចាត់ការទិវារត់ប្រណាំងអន្តរជាតិ លើភ្នំបូកគោ និងជានាយកផ្នែកលក់ ក្រុមហ៊ុន សុខាគ្រុប ថ្លែងថា ឆ្នាំនេះយើងបានទាក់ទាញអ្នកចូលរួមរត់កើនឡើងចំនួន១៤៥៩នាក់ ហើយកាលពីឆ្នាំនេះ មានអ្នកចូលរួមប្រមាណ១២០០នាក់ ដោយសារនេះជាព្រឹត្តិការណ៍កីឡា-ទេសចរណ៍ និងសប្បុរសធម៌នោះ ដូច្នេះទើបអ្នករត់ជាតិ និងអន្តរជាតិបានបង្ហាញនូវឆន្ទៈចូលរួម និងបានបានរួមគ្នា ក្នុងស្មារតីសាមគ្គីភាពខ្ពស់ ក្នុងកិច្ចការសប្បុរសធម៌។

លោកបញ្ជាក់ថា ជាការពិតណាស់ ការរៀបចំទិវាពាក់ កណ្តាលម៉ារ៉ាតុងឆ្នាំនេះ គឺជាលើកទី៥ ដោយគោលបំណងទី១. គឺចង់ឱ្យកីឡាករកីឡាការិនីជាតិ និងអន្តរជាតិទាំងអស់បានមកសប្បាយ រីករាយជាមួយនឹងវិស័យកីឡា នៅលើភ្នំបូកគោនេះ ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍ ដល់វិស័យកីឡាសុខភាព, ទី២. គឺចង់ឱ្យពួកគាត់បានឃើញពីអ្វីដែលថ្មីៗ ដែលក្រុមហ៊ុនសុខា បានអភិវឌ្ឍ និងទី៣. គឺចង់ជួយដល់មន្ទីរពេទ្យគន្ធបុប្ជាជាដើម។

សម្រាប់ជ័យលាភីវិញ្ញាសាទាំងអស់រួមមាន៖ វិញ្ញាសារត់២១គីឡូម៉ែត្រ បុរសចំណាត់ថ្នាក់ លេខ១បានទៅលើកីឡាករ ម៉ា វីរ៉ូ មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប, ផ្នែកនារីលេខ១ កីឡាការិនីចក្រភពអង់គ្លេស Jiu Hamill។ វិញ្ញាសា១០គីឡូម៉ែត្រផ្នែកបុរស លេខ១ កីឡាករកម្ពុជា វណ្ណ ភារ៉ា ខណៈផ្នែកនារីលេខ១ កីឡាការិនីកម្ពុជាមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ប៊ូ សំណាង។ ៥គីឡូម៉ែត្រ លេខ១ កីឡាករ ផាត សុផុត ខណៈផ្នែកនារី កីឡាការិនី ងួន ចារ៉ូណៃអ៊ី និងវិញ្ញាសារត់កម្សាន្ត ៣គីឡូម៉ែត្រ បានទៅលើកីឡាករ ផាន ផាន់ឈី។ ក្រៅពីនេះ ក៏មានចំណាត់ថ្នាក់លេខ២ និងលេខ៣ ផ្នែកបុរស-នារីលើគ្រប់វិញ្ញាសាទាំងអស់ផងដែរ៕

ដោយ ហេង ណាលីន