ប្រទេសចិនចង់ជួយឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ –ប្រទេសចិនមានគោលបំណងចង់ជួយឱ្យប្រទេសកម្ពុជាក្លាយជាប្រទេស ដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ នេះបើតាមប្រសាសន៍ឯកឧត្តម លី ហុងចុង (Li Hongzhong) សមាជិកការិយាល័យ នយោបាយមជ្ឈិមបក្ស និងជាលេខាបក្សកុម្មុយនីស្ត ចិនក្រុងធានជីន (Tianjin) ក្នុងជំនួបសវនាការ និងសម្តែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា។

       

ឯកឧត្តម លី ហុងចុង បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបាន អនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម នាឱកាសនេះ ព្រមទាំងបាន ពាំនាំនូវការ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានសភាក្រុមប្រឹក្សានយោបាយ ប្រជាជនចិន ជូនសម្តេចប្រធានព្រឹទ្ធសភា  និងបានសម្តែងនូវការអបអរសាទរចំពោះខួប ១៤ឆ្នាំ នៃការ ឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានសម្តែងនូវ ការអបអរសាទរជាថ្មីម្តងទៀត ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីពេលកន្លងទៅនេះ និងបានជ្រើសតាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦។

ឯកឧត្តម លី ហុងចុង បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពីគោល បំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ គឺដើម្បីជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានជំនឿទុកចិត្តគ្នា និងស៊ីជម្រៅ ស្របពេលដែលឆ្នាំ២០១៨នេះ គឺជាឆ្នាំដែល ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ឯកឧត្តមបន្តថា ទំនាក់ទំនងប្រទេសទាំងពីរបានក្លាយទៅជាទំនាក់ទំនងការ ទូតគំរូមួយ។ ជាទំនាក់ទំនងការទូតត្រូវបាន បង្កើតឡើងដោយថ្នាក់ដឹកនាំចិនជំនាន់មុន និងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ទំនាក់ទំនងល្អនេះ កាលពីឆ្នាំ២០១៦ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា ណាចក្រកម្ពុជា និងបានឯកភាពរួមគ្នាជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងបុព្វហេតុទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង បានជួយជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តម លី ហុងចុង បានបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំប្រវត្តិសាស្រ្តនៃខួប ៦០ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ដូចនេះ ប្រទេសទាំងពីរ ត្រូវតែបន្តផ្លាស់ ប្តូរដំណើរទស្សនកិច្ចគ្រប់ថ្នាក់ និងបន្តជំរុញគំនិតផ្តួចផ្តើមគោលនយោបាយ ខ្សែក្រវត់មួយ ផ្លូវមួយ តភ្ជាប់ជាមួយនឹងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិកម្ពុជា ហើយប្រទេស ចិនមានគោលបំណងចង់ជួយឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

ឯកឧត្តម លី ហុងចុង បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរ គុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រផលប្រយោជន៍ស្នូល និងយកចិត្តទុក ដាក់រាល់ការផ្តួចផ្តើមរបស់ប្រទេសចិន។ ប្រទេសចិនបានចាត់ទុកប្រទេសកម្ពុជា ជាអ្នក ជិតខាងល្អមិត្តពិតប្រាកដ និងជាដៃគូដែល អាចទុកចិត្តបាន។ ឯកឧត្តម លី ហុងចុង បានវាយ តម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជីវ ភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងសង្គមកម្ពុជាប្រកប ដោយសុខដុមរមនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ ឯកឧត្តម លី ហុងចុង ក៏បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅទីក្រុងធានជីន ក្នុងពេលវេលាសមស្របណាមួយ។

 សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងនាមព្រឹទ្ធសភា  បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនៅព្រះរាជាណចក្រកម្ពុជានាឱកាសនេះ។ ដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ និងមានអត្ថន័យណាស់ ក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានប្រារព្ធខួបលើកទី៦៩ឆ្នាំ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយជោគជ័យនាពេលកន្លងទៅថ្មីៗនេះ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមាន ការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ ការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសាធារណរដ្ឋប្រជាមានិតចិនបានឡើយ៕

ដោយ ប៉ាល់ សុង