បេសកជននុយក្លេអ៊ែរអាម៉េរិក​ស្វែងរកជំនួយពីកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំកំពូលជាមួយកូរ៉េខាងជើងប្រកបដោយភាពជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ — ការិយាល័យប្រធានាធិបតីនៅទីក្រុងសេអ៊ូល​បាននិយាយកាលពីថ្ងៃចន្ទថា បេសកជន​នុយក្លេរអ៊ែរកំពូលអាម៉េរិក បានស្នើឱ្យមានការគាំទ្ររបស់កូរ៉េខាងត្បូង​ដើម្បីធានាដល់កិច្ចប្រជុំ​កំពូល​ទីក្រុងវ៉ាស៊ីងតោន-ព្យុងយ៉ាងមួយប្រកបដោយភាពជោគជ័យ។

ការិយាល័យ ចេអុងវ៉ាដា បាននិយាយថា ប្រធានបុគ្គលិកនៃការិយាល័យប្រធានាធិបតី លោក អ៊ីម- ជុង-ស៊ុក បានធ្វើកិច្ចចរចាគ្នាយ៉ាងស៊ីជម្រៅមួយ ជាមួយលោក Stephen Biegun តំណាងពិសេសអាម៉េរិកសម្រាប់ប្រទេសកូរ៉េខាងជើង ស្តីអំពីបញ្ហានានា ដោយរួមមានទាំង​ការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងការកសាងដើម្បីកិច្ចប្រជុំកំពូលលើកទី២ រវាង​ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន។

តាម ចេអុងវ៉ាដា បានឱ្យដឹងថា ខ្ញុំបានប្រាប់លោក Biegun ថា លោកបាននឹង​កំពុង​ជួយដើម្បីឱ្យលេចចេញនូវកិច្ចប្រជុំកំពូលអាម៉េរិក-កូរ៉េខាងជើងមួយប្រកបដោយភាព​ជោគ​ជ័យ ហើយលោក Biegun បានស្នើឱ្យមានការគាំទ្រ​ពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីបញ្ចប់នូវ​បញ្ហានេះ។

លោកត្រូវបានអមដំណើរ​ដោយ លោក Kwon Hee-seong ជាទីប្រឹក្សាសន្តិសុខ​ប្រធានា​ធិបតី ខណៈដែលឯកអគ្គរដ្ឋទូតអាម៉េរិក​ប្រចាំនៅទីក្រុងសេអ៊ូល​លោក Harry Harris និងលោក Allison Hooker ជាមន្រ្តីក្រុមប្រឹក្សាសន្តិសុខជាតិមួយរូបដែលមានេជំនាញ​ខាង​កិច្ចការ​កូរ៉េមានវត្តមាននៅអមជាមួយលោក Biegun៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )