កូរ៉េខាងត្បូងធ្វើកិច្ចប្រឹងប្រែងដើម្បីប្រកាសបញ្ចប់សង្គ្រាមកូរ៉េក្នុងរង្វង់ឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីបង្រួបបង្រួមប្រទេសបាននិយាយពីថ្ងៃចន្ទថា កូរ៉េខាងត្បូងកំពុងធ្វើកិច្ចប្រឹងប្រែងដើម្បី ប្រកាសការបញ្ចប់ជាផ្លូវការសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ នៅក្នុងរង្វង់ឆ្នាំនេះ ។

រដ្ឋមន្ត្រីបង្រួបបង្រួម លោក ចូ មីយុង-យ៉ុន ( Cho Myoung-gyon ) បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងធ្វើសវនកម្មបណ្តាក្រសួងរដ្ឋាភិបាលរបស់សភាដោយនិយាយថា ក្រុងសេអ៊ូលបាននឹងកំពុងធ្វើកិច្ច ប្រឹងប្រែងដើម្បីធ្វើឱ្យសម្រេចគោលដៅនៃការធ្វើការប្រកាសបញ្ចប់សង្គ្រាមក្នុងរង្វង់ឆ្នាំនេះ ។

លោក ចូ បាននិយាយថា មានលទ្ធភាពមួយសម្រាប់ធ្វើឱ្យសម្រេចបាននៅពេលនេះ ។ ស.រ.អា មានការអល់អែកក្នុងការធ្វើការប្រកាសបញ្ចប់សង្គ្រាម ដែលក្រុងសេអ៊ូលចាត់ទុកថា ជា សេចក្តីប្រកាសនយោបាយមួយដោយលើកឡើងនូវអ្វីដែលខ្លួនបានប្រកាសថា គឺការខ្វះការជឿនលឿន នៅក្នុងកិច្ចចរចាធ្វើមិនឱ្យមាននុយក្លេអ៊ែរ ។

នៅពេលគេសួរថា តើមេដឹកនាំកូរ៉េខាងជើងអាចធ្វើទស្សនកិច្ចក្រុងសេអ៊ូល ក្នុងរង្វង់ឆ្នាំនេះ ដែរឬ យ៉ាងណានោះ លោករដ្ឋមន្ត្រីបង្រួបបង្រួមបាននិយាយថា « បាទ » ។
នៅពេលជាមួយគ្នានោះដែរ លោក ចូ បានសារភាពថា មានការមិនចុះសម្រុងគ្នាខ្លះនៅក្នុងគំនិតរវាងកូរ៉េខាងត្បូង និង ស.រ.អា សម្រាប់កិច្ចប្រតិបត្តិការអន្តរកូរ៉េ ប៉ុន្តែលោកបានកត់សម្គាល់ថា វាមិនមែនមានន័យថា អាម៉េរិកប្រឆាំងជំទាស់ចំពោះគម្រោងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េនោះទេ ។
កូរ៉េខាងត្បូងនិងកូរ៉េខាងជើង បានព្រមព្រៀងគ្នានៅក្នុងកិច្ចចរចាថ្នាក់ខ្ពស់ កាលពីដើមខែនេះ ដើម្បីធ្វើការត្រួតពិនិត្យមើលនូវនឹងកន្លែងរួមគ្នាមួយ ស្តីពីផ្លូវដែករបស់កូរ៉េខាងជើង​ក្នុងចុងខែតុលានេះ ដើម្បីធ្វើទំនើបកម្ម ព្រមទាំងភ្ជាប់គ្នាជាយថាហេតុផ្លូវដែកឆ្លងកាត់ព្រំដែន ។
តែយ៉ាងណាក៏ដោយគ្មានគម្រោងលម្អិតណាមួយ សម្រាប់ការត្រួតពិនិត្យមើលនេះត្រូវបានគេ សម្រេចនៅឡើយទេ ដោយសារមានការប្រេះឆាគ្នាមួយ រវាងក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីងតោន ។
បន្ទាប់ពីកិច្ចចរចាថ្នាក់ខ្ពស់មកកូរ៉េទាំងពីរ បានព្រមព្រៀងគ្នាធ្វើពិធីបញ្ចុះបឋមសិលាមួយ ក្នុងចុងខែវិច្ឆិកា ឬដើមខែធ្នូ ដើម្បីភ្ជាប់ផ្លូវដែក និងផ្លូវថ្នល់ឆ្នងកាត់ព្រំដែនអន្តរកូរ៉េ ៕
( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)