នាយករដ្ឋមន្ត្រីស្រីលង្កាដែលគេបណ្តេញចេញពីតំណែង អំពាវនាវឱ្យកោះប្រជុំសភានៅពេលមានវិបត្តិនយោបាយ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រី ដែលគេបណ្តេញចេញពីតំណែងរបស់ប្រទេសស្រីលង្កា លោក រ៉ានិល វិកក្រេម៉េ- ស៊ីងហេ ( Ranil Wickremeninghe ) កាលពីថ្ងៃចន្ទនេះបានរំលឹកឡើងវិញការអំពាវនាវរបស់លោកដល់សភាឱ្យកោះប្រជុំជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលកំពុងកើតឡើងនេះ ។


ថ្លែងទៅកាន់សមាគមន៍អ្នកឆ្លើយឆ្លងព័ត៌មានបរទេសពីលំនៅឋានផ្លូវការរបស់លោក ក្នុងរដ្ឋធានី កូឡំបូ លោក វិកក្រេម៉េស៊ីងហេ នៅតែអះអាងថា លោកនៅតែជានាយករដ្ឋមន្ត្រីរបស់ប្រទេសកោះនេះដដែល ទោះបីជាប្រធានាធិបតី លោក ម៉ៃស្រ៊ីប៉ាឡា ស៊ីរីសេនា ( Maithripala Sirisena ) បានបណ្តេញលោកកាលពីប៉ុន្មានថ្ងៃមុននេះក៏ដោយ ។

លោកបាននិយាយថា លោកនៅតែទទួលបាននូវសំឡេងភាគច្រើនមួយក្នុងសភា ហើយនឹងបង្ហាញនូវចំនួនរបស់លោកនៅពេលកោះប្រជុំ ។ លោកបាននិយាយថា ខ្ញុំជឿថា ខ្ញុំជាមនុស្សតែម្នាក់ដែលអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា ។ ប្រសិនបើអ្នកណាមួយទៀតគិតថា គេមានសំឡេងភាគច្រើននោះ គេអាចបង្ហាញនូវសំឡេងភាគច្រើនក្នុងសភា ព្រោះថា សភាគឺជាអំណាចកំពូល ។

រដ្ឋមន្ត្រីរដ្ឋាភិបាលមួយរូបបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា សមាជិកសភានយោបាយ១២៦ រូបពីក្នុងសមាជិកសភាមានសមាជិក២២៥រូប បានចុះហត្ថលេខាលើលិខិតមួយដែលស្នើឱ្យគេកោះប្រជុំសភាព្រមទាំងបានប្រគល់លិខិតនេះទៅឱ្យប្រធានសភាលោក ការូ ហ្សាយ៉ាស៊ូរីយ៉ា(Karu Jayasuriya) ។

ប្រធានាធិបតី លោក ម៉ៃស្រ៊ីប៉ាឡា ស៊ីរីសេនា កាលពីថ្ងៃសុក្រកន្លងទៅនៅក្នុងទង្វើដែលធ្វើឱ្យតក់ ស្លុតមួយនោះ បានបណ្តេញលោក វិកក្រេ ម៉េស៊ីងហេ ចេញពីតំណែង ហើយតែងតាំងអតីតប្រធានាធិបតី លោក ម៉ាហ៊ីនដា រាជប៉ាក់សា ( Mahinda Rajapaksa ) សម្រាប់តំណែងនេះ ។

លោក ស៊ីរីសេនា បាននិយាយថា លោក វិកក្រេ ម៉េស៊ីងហេ បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាបន្ទាប់ពីគណបក្សសម្ព័ន្ធភាពសេរីភាពរួបរួមប្រជាជន បានចាកចេញពីរដ្ឋាភិបាលរួបរួមជាតិរបស់ប្រទេស ។

លោក រាជប៉ាក់សា បានកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីកាលពីព្រឹកថ្ងៃចន្ទ នេះដោយប្តេជ្ញាពង្រឹងសេដ្ឋកិច្ច ព្រមទាំងធ្វើការដើម្បីធ្វើឱ្យប្រទេសនេះមានភាពកាន់តែល្អឡើង ។ សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា រដ្ឋាភិបាលចាំផ្ទះថ្មីមួយគេរំពឹងថា នឹងស្បថចូលកាន់តំណែងនៅយប់ថ្ងៃចន្ទនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )