មនុស្ស១៨៩នាក់នៅលើយន្តហោះដែលធ្លាក់របស់ឥណ្ឌូណេស៊ី ប្រហែលជាស្លាប់ទាំងអស់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ — ទីភ្នាក់ងាររុករកនឹងជួយសង្គ្រោះជាតិរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយពីថ្ងៃចន្ទនេះថា មនុស្សទាំង ១៨៩នាក់ដែលជិះនៅលើយន្តហោះក្រុមហ៊ុនយន្តហោះ Lion Air ដែលបានធ្លាក់ក្នុងសមុទ្រនៅឯនាយឆ្នេរសមុទ្រប្រទេសឥណ្ឌូណេស៊ី ភាគខាងលិចប្រហែលជាស្លាប់ទាំងអស់ ។

នាយកប្រតិបត្តិការនៅឯទីភ្នាក់ងាររុករកនឹងជួយសង្គ្រោះថ្នាក់ជាតិ ឧត្តមសេនីយ៍ត្រី Bambang Suryo Aji បាននិយាយថា ការទស្សន៍ទាយនេះ គឺផ្អែកទៅលើស្ថានភាពផ្នែកនៃសាកសពដែលរកឃើញនៅលើផ្ទៃទឹក ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការទីភ្នាក់ងារនេះថា ការប៉ាន់ប្រមាណរបស់ខ្ញុំគឺថា មិនមានអ្នកនៅរស់ណាមួយឡើយ ។ ពីព្រោះស្ថានភាពនៃសាកសពជនរងគ្រោះ ដែលបានរកឃើញ រួចលែងនៅដដែលទៀតហើយ ។ ហើយស្ថានភាពនេះ មានជាច្រើនម៉ោងបន្ទាប់ពីឧប្បត្តិហេតុនេះ ។ វាហាក់ដូចជាថា មនុស្សទាំង១៨៩នាក់នេះ បានស្លាប់អស់ទៅហើយ ។

លោកនាយកនោះបាននិយាយថា ពួកអ្នកមុជទឹកជាង ៤០នាក់ រហូតមកដល់ពេលនេះ កំពុងខិតខំស្វែងរកតួយ៉ាងសំខាន់របស់យន្តហោះនេះនៅក្រោមទឹក ហើយនាវាមួយគ្រឿងដែលបំពាក់ដោយប្រដាប់រុក រកនោះ ក៏កំពុងធ្វើការស្រាវជ្រាវទីតាំងឱ្យបានច្បាស់លាស់នៃសំណល់បាក់បែករបស់យន្តហោះ Boeing 737 Max 8 ខ្ញុំទាយថា សាកសពជាច្រើននឹងនៅតែស្ថិតនៅខាងក្នុងយន្តហោះនោះនៅឡើយ ។ លោកបាននិយាយបន្ថែមថា ប្រតិបត្តិការរុករកនឹងជួយសង្គ្រោះនឹងបន្តទៅទៀតទាំងយប់ទាំងថ្ងៃ ។

តាមក្រសួងដឹកជញ្ជូនឱ្យដឹងថា ទារក២នាក់ និងកុមារម្នាក់បានស្ថិតនៅក្នុងចំណោមមនុស្សដែលជិះនៅលើជើងហោះហើរ JT610 នេះ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនៅឯនាយឆ្នេរសមុទ្រ Karawang នៃ ខេត្តហ្សាវ៉ាខាងលិចភ្លាមៗ បន្ទាប់ពីហោះឡើងពីព្រលានយន្តហោះអន្តរជាតិ Soekarno –Hatta របស់ប្រទេសឥណ្ឌូណេស៊ី ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ហ្សូកូ វីដូដូ ( Joko Widodo ) បានបញ្ជាដល់គណៈកម្មការជាតិ សម្រាប់សុវត្ថិភាពដឹកជញ្ជូនឱ្យធ្វើការស៊ើបអង្កេតនូវមូលហេតុនៃការធ្លាក់យន្តហោះនេះ ។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌារាយការណ៍ថា អាកាសយានិកឥណ្ឌាមួយរូបបានស្ថិតនៅក្នុងចំណោមមនុស្សដែលជិះនៅលើយន្តហោះដែលធ្លាក់នេះ ។ អាកាសយានិកនេះបានចូលរួមនៅក្នុងក្រុមហ៊ុនយន្តហោះដែលមានតម្លៃទាបនេះកាលពីក្នុងខែមីនា ឆ្នាំ ២០១១ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )