រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី១៤​ព្រះវស្សានៃ​ការគ្រង​ព្រះ​បរមសិរីរាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រខ្មែរ

AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ –ថ្នាក់ដឹកនាំ មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ និស្សិត សិស្ស និងប្រជាពល រដ្ឋខេត្ត​កំពង់ឆ្នាំង បានជួបជុំគ្នាយ៉ាងច្រើនកុះករនៅ​សាលាខេត្ត កាលពីថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ដើម្បីរៀបចំ​ប្រារ​ព្ធព្រះរាជពិធីបុណ្យខួបលើកទី១៤ព្រះវស្សា នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសា​សន៍​ថា ជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមព្រះបរមរាជានុញ្ញាតទូលថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនាវិបុលសុខមហាប្រសើរគ្រប់យ៉ាងចំពោះព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់​បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពល​មាំមួនខ្លាំងក្លាព្រះ​បញ្ញាញាណ​ភ្លឺថ្លា ត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ​ដើម្បី​ព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បន្តព្រះរាជបេសកម្មដ៏ឧត្តុង្គឧត្តម​ថ្លៃថ្លា​ជាប្រវត្តិ​សាស្ត្រ ពីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព​ទឹកដី និងឯកភាពជាតិខ្មែរ​ ព្រះបរមរតនកោដ្ឋ​និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតា​ជាតិខ្មែរ ដើម្បីភាពចម្រុងចម្រើនថ្កុំថ្កើងរុងរឿង និង​សម្បូរ សប្បាយប្រកបដោយ​សុខដុមរមនារបស់មាតុភូមិអង្គរជាទីស្នេហា និងប្រជារាស្ត្រ​គ្រប់​រូប ជាយូរអង្វែង​តរៀងទៅ។

ឯកឧត្តបានបន្តថា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស វិសេសវិសាលនេះ ទូលព្រះបង្គំយើង​ខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតទូលថ្វាយព្រះសព្ទសាធុការពរជ័យ និងសម្ដែង​នូវអំណរសាទរ សប្បាយរីករាយ ជាអនេកប្បការដ៏ជ្រាលជ្រៅបំផុត និងសូមក្រាប​បង្គំទូលថ្វាយព្រះពរជ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះពលនុភាព​ខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាង​រយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនា ដល់ប្រជានុរាស្ត្ររួមរស់ក្នុងសុខសន្តិភាព និងភាពចម្រុងចម្រើន ថ្កុំថ្កើនរុងរឿង ទូទាំងព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តតរៀងទៅ ឯកឧត្តមអភិបាលខេត្ដបានបន្ថែមថា ទូលព្រះបង្គំជាខ្ញុំទាំងអស់សូមលំឱនកាយបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណបុណ្យវត្ថុសក្តិសិទ្ធិក្នុងលោក ព្រះវិញ្ញាណក្ខន្ធ នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ និងបារមីនៃទេវតារក្សាស្វេច្ឆត្រ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោសព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណាថ្លៃវិសេសនិងសូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ បៃស៊ីថុន