ឯកឧត្តម វេង សាខុន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មប្រទេស Sierra Leone

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ –តាមប្រភពព័ត៌មានរបស់ក្រសួងកសិកម្មបានឱ្យដឹងថា នរសៀលថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles Le Royal ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលជួបឯកឧត្តម Joseph J. Ndanema រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃប្រទេស Sierra Leone ក្នុងបំណងដើម្បីពិភាក្សាការងារ ទី១-ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិ កម្ម និងទី២- ពិនិត្យលទ្ធភាពក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារ Sierra Leone នាពេលអនាគតដ៏ខ្លី។

នៅក្នុងជំនួបពិភាក្សានេះឯកឧត្តម Joseph J. Ndanema បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ការរីកចម្រើននេះបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានយ៉ាងល្អប្រសើរ។ ឯកឧត្តម Joseph J. Ndanema បានបញ្ជាក់ថា វាជាឱកាសដ៏ល្អសម្រាប់ប្រទេសយើងទាំងពីរក្នុងការចាប់ផ្តើមភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជារួម និងដោយឡែកគឺវិស័យកសិកម្មដែលវិស័យនេះកម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងល្អប្រសើរ។ អ្វីដែលពិសេសនោះគឺ ផលិតកម្មស្រូវ អង្ករ ដែលពិភពលោកទទួលស្គាល់យ៉ាងទូលំទូលាយថា ជាអង្ករមានគុណភាព រស់ជាតិឈ្ងុយឆ្ងាញ់ និងក្លិនប្រអូបប្រហើរទៀតផង ហើយត្រូវបាននាំចេញទៅកាន់ទីផ្សារនៅទូទាំងពិភពលោក និងពិសេសជាងនេះទៅទៀតនៅឆ្នាំ២០១៨ អង្ករកម្ពុជាត្រូវបានជាប់លំដាប់ថ្នាក់លេខ១។

ឯកឧត្តម Joseph J. Ndanema បានបញ្ជាក់ថាប្រទេសរបស់លោកមានស្ថានភាព និងដំណើរការនៃការកសាង និងអភិវឌ្ឍន៍ប្រទេសប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាគឺងើបចេញពីសង្គ្រាមរ៉ាំរ៉ៃ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តត្រូវបានបំផ្លាញស្ទើរទាំងស្រុង សន្តិសុខស្បៀងត្រូវបានប្រឈម។ល។ បច្ចុប្បន្នប្រទេសមួយនេះបាននិងកំពុងកសាង និងអភិវឌ្ឍន៍ជាបណ្តើរ តែទោះជាយ៉ាងណាផលិតកម្មស្រូ វអង្ករនៅជួបបញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀង។ ហេតុផលនេះ គឺជាកត្តាចម្បងដែលឯកឧត្តម និងប្រតិភូសម្រេចចិត្តមកធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីធ្វើការសិក្សាលើការចុះកិច្ចព្រមព្រៀងនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា (MOU) ទៅកាន់ប្រទេសរបស់លោកនាពេលអនាគត។

ឆ្លើយតប និងមានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម Joseph J. Ndanema និងប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ស្របពេលដែលកម្ពុជាកំពុងតែមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ក្នុងនោះអនុវិស័យនាំមុខគេគឺផលិតកម្មស្រូវ អង្ករ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានទស្សនវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសចេញផុតពី សង្គ្រាមរ៉ាំរ៉ៃ ហើយបានប្រែក្លាយពីប្រទេសអសន្តិសុខស្បៀង មកជាប្រទេសមានសុខសន្តិភាព និងសល់ស្បៀងចំនួន ,៥ លានតោន សម្រាប់ធ្វើការនាំចេញ។ ក្រៅពីធ្វើស្រូវ កម្ពុជានៅមានផលិតផលកសិកម្មជាច្រើនទៀតដូចជា ដំឡូងមី ស្វាយ ស្វាយចន្ទី ដែលផលិតកម្មទាំងនោះកំពុងតែមានសក្តានុពលធ្វើការវិនិយោគ កែច្នៃ និងនាំចេញ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បានបញ្ជាក់ជូនភ្ញៀវផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗរួមមានផ្លូវគមនាគមន៍ កំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់អគ្គិសនី។ល។ ដោយឡែកក្រសួងបាននឹងកំពុងជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មកសិ កម្ម ពាណិជ្ជូបនីយកម្ម ជាមួយនឹងធ្វើទំនើបកម្មកសិកម្ម និងជំរុញការកែច្នៃ វេចខ្ចប់ដើម្បីបង្កើនការនាំចេញកសិផលកម្ពុជានាពេលអនាគត៕

ដោយ សេង សុវណ្ណនី