អភិបាលខេត្តពោធិ៍សាត់អញ្ជើញទស្សនាកាប្រណំាងទូកសាកល្បងខ្នាតអន្តរជាតិ២គួនៅដងស្ទឹងពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ –នារសៀលថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៦៧២ ត្រូវនឹងថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០១៨​ ឯកឧត្តម​ ម៉ៅ​ ធនិន អភិបាលខេត្តពោធិ៍សាត់បានអញ្ជើញទស្សនា​ ការប្រណាំងសាកល្បងទូក ​ងខ្នាតអន្តរជាតិ​ ចំនួន២គូ នៅដងស្ទឹង​ពោធិ៍សាត់​ ដែលពិធីប្រណាំងជាផ្លូវការនៅខេត្តពោធិ៍សាត់នឹងត្រូវធ្វើឡើង​ នាថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានប្រវត្តិតាំងពីបុរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាម សិលាចារិកនៃប្រាសាទអង្គរ ហើយត្រូវបានព្រះមហាក្សត្រ និងប្រជារាស្ដ្រខ្មែរ ប្រារព្ធធ្វើឡើងយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ។ ជាក់ស្តែងជាប្រវត្តិសាស្ត្រក្រោយឆ្នាំ១៩៧៩ ខេត្តពោធិ៍សាត់ពុំធ្លាប់មានកម្មវិធីប្រណាំងទូកខ្នាតអន្តរជាតិនោះឡើយប៉ុន្តែសម្រាប់ដើមអាណត្តិទី៦ នៃរដ្ឋសភា​ ជាពិសេសក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម​ ម៉ៅ​ ធនិន​ បានរៀបចំពិធីប្រណាំងទូកនៅតាមដងស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក ដែលមានទូកចូលរួមប្រគួតប្រជែងចំនួន ១៣គូ ជាមួយនឹងសម្លៀកបំពាក់ប្រពៃណី តាមពណ៌ចំណុះទូក។ ចំពោះវេទិកាទស្សនាស្ថាបនាឡើង ដោយប្រភេទឈើប្រណិត សាងសង់ទៅតាមបទដ្ឋានបុរាណខ្មែរ ជាសំណង់ប្រវត្តិសាស្ត្រទុកជូនកូនចៅជំនាន់ក្រោយបានប្រើប្រាស់ ជាប្រយោជន៍សាធារណៈ ។ សម្រាប់នៅថ្នាក់ជាតិឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨៕

ដោយ ណៅ ធឿន