សិក្ខាសាលាស្ដីពីការពិភាក្សាពីក្រុមប្រតិបត្តិសម្រាប់អ្នកសារព័ត៌មានក្នុងការរាយការណ៍ទាក់ទិននឹងអ្នកទទួលរងផលប៉ះពាល់ដោយសារធាតុញៀន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ –អង្គការខាណា (KHANA) ដោយមានការសម្របសម្រួលពីក្លឹបអ្នកាសែតកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ បានរៀបចំសិក្ខាសាលាពិភាក្សាពីក្រុមប្រតិបត្តិសម្រាប់អ្នកសារព័ត៌មាន ក្នុងការរាយការណ៍ទាក់ទិននឹងអ្នកទទួលរងផលប៉ះពាល់ដោយសារធាតុញៀន នៅភោជនីយដ្ឋានទន្លេ  បាសាក២ រាជធានីភ្នំពេញ។ 

សិក្ខាសាលានេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក ជួប សុខចំរើន នាយកអង្គការខាណា និងលោក ប៉ែន បូណាប្រធានក្លឹបអ្នកកាសែតកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មានជាតិ មកពីអង្គភាពសារព័ត៌មានខុសៗគ្នាជាច្រើននាទៀត។

នៅក្នុងបទបង្ហាញ ១៦ប្រការ របស់លោក ឆាយ សុផល នាយកប្រតិ​បត្តិក្លឹបអ្នកការសែតកម្ពុជា ស្តីពីដំណើរការនៃការរៀបចំសេចក្តី​​ព្រាងបឋមលើកទី២ ស្តីពីក្រមសីលធម៌ប្រព័ន្ធផ្សព្វ​ផ្សា​យ​សម្រាប់​ការរាយការណ៍ទាក់ទិននឹងអ្នកប្រើសារធាតុ​ញៀន ធ្វើឡើងក្នុងគោលបំណងប្រាថ្នាឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ទាំងព័ត៌មានក្រៅប្រព័ន្ធអ៊ីនធ័រណែត និងព័ត៌មានក្នុងប្រព័ន្ធអ៊ីនធ័រណែត ដោយរួមទាំងអ្នកអាន ឬអ្នកធ្វើអត្ថាធិប្បាយព័ត៌មាន  និងអ្នករាយការណ៍ព័ត៌មាន ជួយជំរុញសង្គមឱ្យកាត់បន្ថយការមាក់ងាយ និងការរើសអើងចំពោះអ្នកប្រើប្រាស់សារធាតុញៀន ដែលជាជនរងគ្រោះនៃឥទ្ធពល នៃសារធាតុញៀន ។ ព្រោះថានៅបណ្តាប្រទេសមួយចំនួន អ្នកប្រើប្រាស់សារធាតុញៀនត្រូវបានគេចាត់ទុកជាអ្នកជំងឺ ដែលទាមទារសេវាព្យាបាល និងស្តារនីតិសម្បទា។ ហេតុនេះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ត្រូវប្រុងប្រយ័ត្នក្នុងការប្រើពាក្យពេចន៍ និងភាសា នៅក្នុងការសរសេរអត្ថបទព័ត៌មានរបស់ខ្លួន ដើម្បីកុំឱ្យមានការមាក់ងាយ និងការរើសអើងចំពោះពួកគាត់ នាំឱ្យពួកគាត់កាន់តែឯកោ ហើយជួយពួកគាត់ឱ្យទទួលយកនូវសេវាព្យាបាល និងស្តារនីតិសម្បទាកុំឱ្យកាន់តែរងគ្រោះមិនអាចវិលមកសមាហរណកម្មក្នុងសង្គមវិញបាន។

លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយត្រូវរួមចំណែកនៅក្នុងការលបបំបាត់ ឬទប់ស្កាត់កាត់បន្ថយផលប៉ះពាល់ដោយ​សារធាតុញៀននៅក្នុងសង្គម។ ដូច្នេះយើងគួរប្រើប្រាស់បណ្តាញសារព័ត៌មានរបស់យើងដើម្បីធ្វើការអប់រំប្រជាពលរដ្ឋ ផ្តល់ព័ត៌មានដ៏មានសារៈសំខាន់ ជួយកាត់បន្ថយ ទប់ស្កាត់កុំឱ្យមានបាតុភាពសកម្ម ដែលកើតចេញពីគ្រឿងញៀននេះ។ បញ្ហានេះយើងគួរប្រើប្រាស់វេទិការបស់យើងជួយដល់ជនរងគ្រោះដោយសារធាតុញៀន ដើម្បីឱ្យពួកគេងាកមកទទួលយកសេវាព្យាបាលដោយស្ម័គ្រចិត្តប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា បានមានប្រសាសន៍ថា សិក្ខាសាលានេះ ក៏មានវត្តមានអង្គការសម្ព័ន្ធភាពប្រយុទ្ធនឹងជំងឺអេដស៍របស់ឥណ្ឌាចូលរួម ហើយអង្គការនេះ គឺជាដៃគូក្នុងការដឹកនាំអនុវត្តន៍នូវគម្រោងមួយដែលហៅថា គម្រោងកាត់បន្ថយគ្រោះថ្នាក់នៅក្នុងតំបន់ពាក់ព័ន្ធនឹងគ្រឿងញៀន ហើយគម្រោងនេះធ្វើការលើប្រទេសចំនួន ៥ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន រាប់ទាំងកម្ពុជាផងដែរ។ អង្គការខាណានៅកម្ពុជា ជាដៃគូមួយនៅក្នុងការអនុវត្តគម្រោងកាត់បន្ថយគ្រោះថ្នាក់ដែលពាក់ព័ន្ធគ្រឿងញៀន។ លោកមានជំនឿជាក់ថា អ្វីដែលជាការពិភាក្សារួមគ្នាថ្ងៃនេះ សង្ឃឹមថា អស់លោកជាអ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈសារព័ត៌មាននឹងជួយរួមចំណែកជាមួយវិស័យសុខាភិបាល ថាតើយើងគួរជំរុញលើកទឹកចិត្តឱ្យសហគមន៍មានការយល់ដឹងបែបណា សម្រាប់យើងអាចរួមចំណែកកាត់បន្ថយផលប៉ះពាល់ដោយគ្រឿញៀន ដែលកំពុងតែមានក្នុងប្រទេសកម្ពុជាយើង៕

ដោយ ប៉ាល់ សុង