សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយសមាជិកការិយាល័យនយោបាយ និងជាលេខាបក្សក្រុង Tianjin ប្រទេសចិន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ម៉ឹង​ កុសល​ និង​ លោក​ អ៊ូ​ កាណែល៖

​ នៅវិមានសន្តិភាពព្រឹកថ្ងៃច័ន្ទទី២៩ ខែតុលា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាគ្សាការងារជាមួយ​ ឯកឧត្តម​ លីហុង ហ្សុង (Li Hongzhong)សមាជិកការិយាល័យនយោបាយ និងជាលេខាបក្សក្រុង Tianjin ប្រទេសចិន។

ក្នុងជំនួបនោះ​ ឯកឧត្តម​ Li Hongzhong បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​ ឯកឧត្តម​ ប្រធានាធិបតីចិន ស៊ី ជីនពីង និងឯឧត្តម​ នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងបានជម្រាបជូនសម្តេចតេជោថា នេះជាលើកទី១ហើយ ដែល​ ឯកឧត្តម​បានមកកាន់ព្រះរាជាណាចក្រកម្ពុជា​ ដោយ​ ឯកឧត្ដម​ បានឃើញថា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជាមានជីវភាពធូរធារ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចកើនឡើង សង្គមកម្ពុជាកំពុងមានភាពសុខដុមរមនា។

លើសពីនេះទៅទៀត​ ប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព និងស្ថិរភាពផងដែរ​ ដែលនេះគឺជាកត្តាដែលនាំអោយសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជាបានទទួលនូវការឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីក្នុងពេលកន្លងទៅថ្មីៗនេះ។

​ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ​ ឯកឧត្ដម​ Li Hongzhong ដែលបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រធានាធិបតី ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីចិនចំពោះសម្ដេច។

សម្តេចតេជោក៏បានអរគុណចំពោះការគាំទ្រ និងការកោតសរសើរ ពីភាពជោគជ័យរបស់គណបក្សជាជនកម្ពុជា ក៏ដូចជារូបសម្ដេចផ្ទាល់ដែលបានទទួលជោគជ័យពីការបោះឆ្នោតកន្លងមកនេះ។