ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ សត្វផ្សោតទន្លេមេគង្គបានកើនឡើងដល់៩២ក្បាល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

នាយកអង្គការ WWF កម្ពុជា បានអះអាងថា៖ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ចំនួនសត្វផ្សោតទន្លេមេគង្គ បានកើនឡើងពីចំនួន៨០ក្បាល ទៅ៩២ក្បាល ដែលចំនួននេះគឺជាកំណើនដំបូងបង្អស់ក្នុងកំណត់ត្រា ស្រាវជ្រាវចាប់តាំងពីជាង២០ឆ្នាំមុននេះ។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា ថា ក្នុងឆ្នាំ២០១៥សត្វផ្សោតទន្លេមេគង្គមានប្រហែល២០០ក្បាល ហើយ បានថយចុះមកនៅត្រឹមចំនួន ៨០ក្បាល ដោយសារតែការជាប់មង និងបាត់បង់ជម្រក របស់វា។ ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវឆ្នាំ២០១៧ បានបង្ហាញថា សត្វផ្សោតទន្លេមេគង្គបានកើនឡើងដល់ចំនួន ៩២ ក្បាល។

ក្នុងទិវាសត្វផ្សោតទន្លេមេគង្គនៅខេត្តក្រចេះ កាលពីចុងសប្តាហ៍កន្លងទៅឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធាននាយកដ្ឋានជលផល បានអះអាងថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ពន្ឋផ្សេងទៀត បានប្ដេជ្ញាខិតខំ អភិរក្សសត្វផ្សោតដ៏កម្រនេះ ដើម្បីឱ្យ មានការកើនឡើងវិញ តាមរយៈការលុបបំបាត់នូវរាល់ការគំរាមកំហែងនានា តៅលើសត្វផ្សោតទាំងនោះ។

ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០១៨ ចំនួនសត្វផ្សោតបានស្លាប់ចំនួន៥ក្បាល និងសត្វផ្សោតកើនថ្មីចំនួន៩ក្បាល ៕