ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជានុរាស្ត្រ ថ្វាយព្រះពរព្រះមហាក្រត្សបន្តគង់ជាម្លប់ដឹកនាំប្រទេសជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​ និង​ លោក​ ចន​ ណារិទ្ធ​៖

នៅថ្ងៃទី២៩ ខែតុលានេះ គឺជាខួប១៤ឆ្នាំ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ និងមន្រ្តីរាជការមកពីគ្រប់ក្រសួងសា្ថបន័រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្វាយព្រះពរសព្វសាធុការពរជ័យបវរសួស្ដីសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការដល់ព្រះអង្គ ដើម្បីគង់ជាម្លប់ដឹកនាំប្រទេសជាតិមាតុភូមិឱ្យ រីកចម្រើនទៅមុខទៀត។

ថ្វាយព្រះពររបស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប នៃការឡើងគ្រងរាជសម្បត្តិគម្រប់១៤ព្រះវស្សា របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៩ ខែតុលានេះ បានបញ្ជាក់ថា ក្រោមព្រះរាជកិច្ចដ៏ឧត្តុងឧត្តម និងក្រោមម្លប់ដ៏ត្រជាក់ប្រជំនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ប្រទេសជាតិបាននឹងកំពុងឋិតនៅលើវិថីសន្តិភាព ស្ថិរភាពយូរអង្វែងមានការរីកចម្រើន ឥតឈប់ឈរលើគ្រប់វិស័យ ព្រមទាំងកិត្យានុភាពជាតិ ក៏ត្រូវបានលើកកម្ពស់ និងល្បីល្បាញនៅលើសកលលោក ដែលធ្វើឱ្យប្រជារាស្រ្តរួមរស់ជាមហាគ្រួសារខ្មែរ ក្នុងជីវភាពរីកចម្រើនសម្បូរសប្បាយឥតឈប់ឈរ។

ដូចគ្នានេះ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍ថា ព្រះរាជកិច្ចដឹកនាំរបស់អង្គព្រះមហាក្សត្រ បានឱ្យប្រទេសមានសុខសន្ដិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិទូទាំងប្រទេស និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ទាំងនៅក្នុងតំបន់ និងលើសាកលលោក។

ចំណែក សារលិខិតថ្វាយព្រះពររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងនូវកតញ្ញូតាធម៌យ៉ាងស្មោះស្ម័គ្រចំពោះព្រះករុណា ព្រះមហាក្សត្រ ដែលប្រកបដោយព្រះរាជព្រហ្មវិហារធម៌ ទសពិធរាជធម៌ ចំពោះជាតិមាតុភូមិ ប្រជានុរាស្ត្រ និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងនីតិរដ្ឋ និងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ ឱ្យកាន់តែមានសន្ទុះរីកចម្រើនជឿនលឿនខ្លាំងក្លាថែមទៀតជាមួយរាជរដ្ឋាភិបាល។

ដោយឡែក មន្ត្រីរាជការ សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជា បានលើកឡើងដូចគ្នាថា រយៈពេល១៤ឆ្នាំនេះ ព្រះអង្គបានបំពេញព្រះរាជសកម្មភាព និងព្រះរាជកិច្ចដ៏ឧត្តង្គឧត្តម ដោយព្រះអង្គបានបូជាព្រះកាយពលគ្រប់កាលៈទេសៈ ព្រមទាំងបរិច្ចាគព្រះរាជទ្រព្យយ៉ាងច្រើន ក្នុងការលើកស្ទួយវិស័យសិល្បៈ វប្បធម៌ មនុស្សធម៌ សង្គមកិច្ច និងសុខមាលភាពជូនដល់កូនចៅ ប្រជានុរាស្ត្រ និងមាតុភូមិរបស់ព្រះអង្គ។

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ សម្រេចជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងរៀបចំព្រះរាជពិធីរៀបអភិសេកឡើងគ្រងព្រះបរមរាជសម្បត្តិធ្វើនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤៕