ខេត្តកំពង់ចាម បិទបញ្ជប់គម្រោងការងារអនាម័យសំរាម នៅទីសាធារណ:

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

គម្រោង ស្តីពីការចូលរួមរបស់យុវជនក្នុងការងារអនាម័យសំរាម នៅទីសាធារណ:ក្នុងក្រុងកំពង់ចាម បានបិទបញ្ជប់នៅព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម សុះ មូសីន សមាជិករដ្ឋសភា និងជាអនុប្រធានសសយកកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជានិងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ យុវជនសសយកខេត្តកំពង់ចាម ជាច្រើនផងដែរ។

លោក ហាន កុសល អភិបាលរង ខេត្តកំពង់ចាម បានលើកឡើងថា យុវជនត្រូវខិតខំប្រឹងប្រែងបន្តសកម្មភាពចូលរួមក្នុងការងារសង្គមលើបញ្ហាសម្រាមក្នុងក្រុងកំពង់ចាម ដើម្បីឲ្យក្រុងកំពង់ចាមនិងប្រទេសទាំងមូលមានសោភណ្ឌភាព។

បើតាម ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានលើកឡើងថា យុវជនត្រូវក្លាយខ្លួន ជាជនគំរូមិនត្រូវពេលឃើញសម្រាមនាំគ្នាបន្ទោសលើអាជ្ញាធរ នោះទេ ព្រោះសម្រាមកើតចេញ ពីយើងទាំងអស់គ្នា។ដូច្នេះយើងគួរតែនាំគ្នាទុកដាក់សម្រាមនិងថែរក្សារបរិស្ថានឲ្យបាន ល្អប្រសើរ។

ឯកឧត្ដមបន្ថែមទៀតថាក្នុងបញ្ហាសម្រាមនៅតាមទីសាធារណ:ក៍ដូចនៅតាមកន្លែងតំបន់ទេសចរណ៍យុវជន ត្រូវតែប្រមើមើលការងារសង្គមឲ្យបានល្អិតល្អន់ក្នុងការចូលរួមធ្វើអនាម័យបរិស្ថានអោយបានល្អ ដើម្បី ទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តកាន់តែច្រើនថែមទៀត។

ឯកឧត្ដម គួច ចំរើនបានអំពាវនាវអោយយុវជន ត្រូវយកចិត្តទុកខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយខ្លួនជាសសរទ្រូងនៃប្រទេសជាតិ និងជាធនធានមនុស្សដ៍រឹងមាំក្នុងការចូលរួមលើការងារអនាម័យសម្រាមនៅតាមទីសាធារណ:៕