ព្រះនាង Beatrice ចៅស្រីម្ចាស់ក្សត្រី អេឡីសាបេតទី២ នៃចក្រភពអង់គ្លេស យាងបំពេញទស្សនកិច្ចនៅសាលារៀនជំនាន់ថ្មី ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ព្រះនាង Beatrice ចៅស្រីម្ចាស់ក្សត្រី អេឡីសាបេតទី២ នៃចក្រភពអង់គ្លេសយាងបំពេញទស្សនកិច្ចក្រៅផ្លូវការលើកទី១ នៅសាលារៀនជំនាន់ថ្មី (NGS) ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្សព្វផ្សាយពីកម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មី ដល់សិក្សានុសិស្សកម្ពុជា។

ក្រសួងអប់រំ បានចុះផ្សាយថា ការយាងបំពេញទស្សនកិច្ចនៅសាលារៀនជំនាន់ថ្មី (NGS) ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ នេះត្រូវបានធ្វើឡើងដោយមានការសម្របសម្រួល និងអមដំណើរដោយតំណាងស្ថានទូតប្រទេសអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ការយាងបំពេញទស្សនកិច្ចនៅសាលារៀនជំនាន់ថ្មី (NGS) ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងទៅនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីព្រះនាងបានយាងបំពេញទស្សនកិច្ច នៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យអនុវត្ត ហ៊ុន សែន កំពង់ចាម កាលពីថ្មីៗនេះ។

សូមជម្រាបថា សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យអនុវត្ត ក្នុងដំណាក់កាលសាកល្បងនាឆ្នាំ២០១៥ ដែលបច្ចុប្បន្នកំពុងអនុវត្តនៅសាលាចំនួន១០នៅកម្ពុជា។ ការអនុវត្តនេះ ធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សា ក្នុងបំណងធ្វើឱ្យការអប់រំនៅកម្ពុជា កាន់តែល្អប្រសើរ៕