ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ)៖

នៅក្នុងវរោកាលដ៏មហាមង្គលាភិរម្យថ្លៃថ្លាពោពេញដោយសេចក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាត តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មាន សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យសិរីមង្គល បវរមហាប្រសើរគ្រប់យ៉ាងប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះរាជមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហាធម៌ ប្រកបដោយទសពិធរាជធម៌របស់ព្រះករុណាថ្លៃវិសេស ចំពោះជាតិមាតុភូមិ ប្រជានុរាស្រ្ត និងព្រះរាជសម្មភាពដ៏ឧត្តុង្គ ក្នុងវិស័យការបរទេសរបស់ព្រះករុណាជាអម្ចាស់ និងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ឲ្យកាន់តែមានសន្ទុះរីកចម្រើនជឿនលឿនខ្លាំងក្លាថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណាជាអម្ចាស់ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរារាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា សម្បូរសប្បាយថ្គុំថ្កើងរុងរឿងដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ និងមាតុភូមិអង្គជាទីស្នេហា និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មានយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា និងសមប្រកបដោយព្រះពុទ្ធិពរដ៏ប្រសើរថ្លៃថ្លា ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕