រដ្ឋបាលរាជធានីភ្នំពេញស្វែងរកអ្នកគាំរូបភាពរចនាខ្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៨

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

​ រដ្ឋបាល​រាជធានីភ្នំពេញបានប្រកាសស្វែងរកអ្នកគាំរូបភាពរចនាខ្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដោយគ្រាន់តែបងប្អូនគិតថាស្អាត និងស័ក្តិសមជាងគេរួចចុចLikeនៅតាមរូបភាពដែលបានបង្ហោះនៅក្នុងផេករបស់សាលារាជធានីភ្នំពេញតែប៉ុណ្ណោះ។

​ រូបភាពទាំង ៥សន្លឹកនេះគឺជាស្នាដៃរបស់បេក្ខជនដែលបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃ ចេញពីរូបភាពចំនួន ៤៥រូបភាព ដែលមានបេក្ខជនចំនួន ២៩នាក់ បានផ្ញើមកដើម្បីចូលរួមប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដោយពិនិត្យទៅលើ អត្ថន័យខ្លឹមសារព្រះរាជពិធី រចនាបថខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ និងការរចនាភ្លើងឱ្យអាចទទួលយកបានទាំងពេលថ្ងៃ និងពេលយប់ ទើបគណៈកម្មការវាយតម្លៃ សម្រេចជ្រើសរើសបានរូបភាពទាំង ៥ ខាងក្រោមនេះ។

​ តាមរយៈផេករបស់សាលារាជធានីភ្នំពេញរូបភាពដែលទទួលបានការ Like គាំទ្រ ច្រើនជាងគេចំនួន ៤រូបភាព នឹងត្រូវយកទៅដំឡើងនៅតាមគោលដៅទាំង៤ ដែលបានត្រៀមរួចជាស្រេច។

​ ការប្រមូលការគាំទ្រ នឹងត្រូវបញ្ចប់នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល។